ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ ភេសជ្ជៈ ចំនួន ៧.៨០០កេស ត្រូវបាន​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​បាន​ចូលរួម​បំពេញ បេសកកម្ម ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ ព្រះរាជាណាចក្រ​កម្ពុជា នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​ពិធី​ប្រគល់ ទទួល​នេះ​បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ប្រធាន​ក្រុមប្រឹក្សាភិបាល ដែល​បានផ្តល់​ភេសជ្ជៈ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​ចូលរួម​បំពេញ បេសកកម្ម ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ នៅ ព្រះរាជាណាចក្រ​កម្ពុជា នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក​អភិបាល​បន្តថា អំណោយ​ដ៍​ថ្លៃថ្លា​នេះ គឺជា​ការលើកទឹកចិត្ត​ដ៏​ធំធេង​ដល់​កងកម្លាំង​ទាំងអស់ ឱ្យ​ប្តេជ្ញា​យ៉ាង មោះមុត​ក្នុងការ​បំពេញភារកិច្ច​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​តេ​ជោ ហ៊ុន សែន ជា អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឧត្តុង្គឧត្តម ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ ថែមទៀត​ជូន​ជាតិ​មាតុភូមិ​។​

គួរ​បញ្ជាក់ថា​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ ព្រមទាំង​កិច្ចប្រជុំ​កំពូល​ពាក់​ព​ន្ធ័ បានបញ្ចប់​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​ខណៈដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ប្តូរ​វេន ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង និង​បានធ្វើ​ឲ្យ​កិ​ត្យា​នុ ភាព​របស់​កម្ពុជា​កាន់​តែ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ និង​ជា​កិត្តិយស​ដ៏​ធំ​សម្បើម​សំ រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​៕​