ដោយៈ សុផល / ភ្នំពេញ៖ រយៈពេល ១០ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញរបស់​អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១១.៩៣១,១១ ប៊ីលានរៀល (ប្រមាណជា ២.៩៤៥,៩៥ លានដុល្លារ) ស្មើនឹង ១០៤,៤៨% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ​ប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ២.៥៣០,០៧ ប៊ីលានរៀល (ប្រមាណជា ៦២៤,៣១ លានដុល្លារ) ស្មើនឹង ២៦,៩៤%។

នេះបើតាមការឱ្យដឹងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រមូលចំណូលពន្ធ​ប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ថាៈ ក្នុងខែតុលា ឆ្នាំ២០២២ ចំណូលពន្ធពី ប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ២២,២២ ប៊ីលានរៀល (ប្រមាណ ៥,៤៩ លានដុល្លារ) និងសម្រាប់ខែ មេសា-តុលា ឆ្នាំ២០២២ រយៈពេល ១០ខែ ឆ្នាំ២០២២ សរុបចំនួន ១២៩,៨០ ប៊ីលានរៀល (ប្រមាណ ៣២,០៥ លានដុល្លារ)។ គួរបញ្ជាក់ថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តទាំងស្រុង កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ​កន្លងទៅនេះ បានតម្រូវឱ្យ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវ ចំណូលពន្ធផ្ទៃក្នុង ចំនួន ១៤.៤៦៥,៣៩ ប៊ីលានរៀល (ប្រមាណជា ៣.៥៧១,៧០ លានដុល្លារ) កើនឡើង ២៦,៧០% ធៀបនឹងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារ ប្រមូលចំណូលឲ្យបាន ១១.៤១៩,១៣ ប៊ីលានរៀល (ប្រមាណជា ២.៨១៩,៥៥ លានដុល្លារ)៕/V