ដោយៈ សុផល / ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បានក្រើនរំលឹក ដល់សាធារណជន ដែលជាម្ចាស់យានជំនិះគ្រប់ប្រភេទ ដែលមិនទាន់បានបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ សូមប្រញាប់រួសរាន់មក​ប្រកាស និងបង់ពន្ធ ឱ្យបានទាន់ពេលវេលា ខណៈថ្ងៃផុតកំណត់ បានខិតជិតចូលមកដល់ហើយ គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ការអំពាវនាវរបស់លោកគង់ វិបុល ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ។

លោករដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ថាៈ «ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ នេះ នឹងមិនមានការពន្យារ ពេលឡើយ»។

ដើម្បីផ្តល់ងាយស្រួលដល់ការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យ អ្នកជាប់ពន្ធប្រើប្រាស់ កម្មវិធីលើទូរស័ព្ទដៃ «GDT Taxpayer App» របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្តល់លទ្ធភាពដល់ សាធារណជន បង់ពន្ធមធ្យោបាយ តាមប្រព័ន្ធអនឡាញ ឱ្យមានភាពងាយស្រួល និងឆាប់រហ័ស ។

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមអនុវត្តការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕/V