ដោយៈ ទេព មង្គល / ភ្នំពេញៈ​ យោងតាមការពិនិត្យឃើញលើ បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ផលិតផលសុខភាព កំពុងផ្សព្វ ផ្សាយលក់ឱសថ ឈ្មោះ Summer Plus នោះ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មាន ស្ដីពីការហាមឃាត់ ការចែកចាយ ឬលក់ផលិតផល ឱសថ ឈ្មោះ Summer Plus គ្មានលេខបញ្ជិកាពី ក្រសួងសុខាភិបាលនេះ គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ ទៀតនោះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿការផ្សព្វផ្សាយ ផលិតផលឱសថ ឈ្មោះ Summer Plus និងមិនត្រូវប្រើប្រាស់ឱសថ គ្មានលេខបញ្ជិកា ខាងលើឡើយ។ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថ ឈ្មោះ Summer Plus នេះ ជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី ខាងលើ និងជនពាក់ព័ន្ធទាំងឡាយណា ដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ឱសថ ឈ្មោះ Summer Plus និងផលិតផលគ្មានលេខបញ្ជិកា ផ្សេងៗទៀត ទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕/V