ដោយៈ ទេព មង្គល / ភ្នំពេញៈ​ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មាន មួយ ដោយហាមឃាត់ ការចែកចាយ ឬលក់ឱសថ ឈ្មោះ NAIKA គ្មានលេខបញ្ជិកា ពីក្រសួងនេះ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។ ការហាមឃាត់នេះ បានត្រូវធ្វើឡើង ក្រោយពីក្រសួងសុខាភិបាល ពិនិត្យឃើញ លើ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួនពីរ ឈ្មោះ Medicine Health និងសុខភាពជាទ្រព្យ-ថ្នាំក្រពះជប៉ុន កំពុងផ្សព្វផ្សាយ លក់ឱសថ ឈ្មោះ NAIKA គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ ទៀតនោះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿការផ្សព្វផ្សាយ ផលិតផលឱសថ ឈ្មោះ NAIKA និងមិនត្រូវ ប្រើប្រាស់ឱសថ គ្មានលេខបញ្ជិកា ខាងលើឡើយ។ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថ ឈ្មោះ NAIKA នេះ ជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី ខាងលើ និងជនពាក់ព័ន្ធទាំងឡាយណា ដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ឱសថ ឈ្មោះ NAIKA គ្មានលេខបញ្ជិកា ទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕/V