​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក គី មករា នាយការិយាល័យ បាន​ដឹកនាំ​កំលាំង ក្រោម​ឱវាទ ចំនួន ១១ នាក់ អមដោយ​ឡាន​សា​រ៉ែ​ន ម៉ូតូ​សា​រ៉ែ​ន បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ ប្រភេទ​ឡាន​ដឹក​ដី លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ និង​នៅ​រណ្តៅ​ជីកដី នៅ​ក្រុង​សិរីសោភ័ណ​។​

​នៅក្នុង​ការអនុវត្តន៍​ការងារ​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ផ្សព្វផ្សាយ​អប់រំ តាម​គោលការណ៍​មួយចំនួន​គឺៈ ១-​ចុះ​អប់រំ​ប្រភេទ​ឡាន​ដឹក​ដី លើ​កំណាត់​ផ្លូវជាតិ លេខ​៥ ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ក្នុងនោះ បាន​ឃាត់ រថយន្ត​សរុប បាន​ចំនួន ២៥ គ្រឿង និង​បានធ្វើ​កិច្ចសន្យា​អប់រំ​កែតម្រូវ បាន​ចំនួន ១២ គ្រឿង និង​២ -​បាន​ចុះ​អប់រំ ដល់​រណ្ដៅ​កាយ​ដី ស្ថិតនៅ​ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ក្នុងនោះ បាន​អប់រំ​ណែនាំ លើ​ម្ចាស់​ត្រាក់ទ័រ​ចូក (​អេស្កាវ៉ាទ័រ​) និង​ម្ចាស់​ឡាន ត្រឺ​យ​ដឹក​ដី (​ឡាន​បែន​) ដូចជាៈ ១- ការកាយ​ដី ដាក់​ឡាន ត្រូវ​ដាក់ឱ្យ​ស្មើ​ទ្រុង , ២- ឡាន​ដែល​ចេញពី​រណ្តៅ​ដី ត្រូវ​គ្រប​ឱ្យបាន ត្រឹមត្រូវ និង​៣- បើកបរ​ក្នុង​ទីប្រជុំជន តាម​ល្បឿន​ច្បាប់​កំណត់​។​

​លោក​វរសេនីយ៍ឯក គី មករា បាន​បន្តថាៈ ដោយមាន​ការអនុញ្ញាត និង​ឯកភាព​ពី លោក អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ការណែនាំ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ទើប​លោក និង​នាយរង​ការិយាល័យ នាយ​-​នាយរង​ផ្នែក និង​មន្ត្រី បាន​ចុះ​អនុវត្ត​លើកដំបូង ត្រួតពិនិត្យ ណែនាំ​មុន​ផាកពិន័យ ដល់​អ្នកបើកបរ និង​ម្ចាស់​រថយន្ត​ធំ​ដឹក​ដី ថ្ម ខ្សាច់ គ្រឿងសំណង់ និង​ទំនិញ​បន្ទុក​នានា ឱ្យ​គោរព អនុវត្ត ៤ ចំណុច​សំខាន់ៗ ។​

​សូម​រំលឹកថា កាលពី​សប្តាហ៍ នៃ​ខែ​មុន នគរបាល​បាន​ណែនាំ​ដល់​អ្នកបើកបរ /​ម្ចាស់​រថយន្ត ៤ ចំណុច​នោះ រួមមាន ទី​១- រាល់​យានយន្ត រថយន្ត​ដឹកជញ្ជូន ធុន​ធ្ងន់ ត្រូវមាន​ឯកសារ​យានយន្ត និង​អ្នកបើកបរ ឱ្យ​គ្រប់គ្រាន់ ដែល​ចេញ​ឱ្យ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា​។ ទី​២-​បើ​មាន​បញ្ហា​ខុសឆ្គង ខ្វះ លើស លើ​បញ្ហា​លក្ខណៈ​បច្ចេកទេស ត្រូវ​ប្រញាប់​ទៅ​កែតម្រូវ កែលម្អ​ឱ្យបាន​រួសរាន់​។​
​ទី​៣-​រាល់​ខ្សាច់ ដី ថ្ម គ្រឿងសំណង់ ទំនិញ​បន្ទុក​ដែល​អាច​ជ្រុះ​កំពប់ ឬ​ហុយ អ្នកបើកបរ និង​ម្ចាស់​យានយន្ត ត្រូវតែមាន​តង់ ក្រណាត់​គ្រប វេច​ខ្ចប់ ឬ​ដាក់​ផ្ទុក​ឱ្យបាន​សមស្រប ហើយ​ចៀសវាង​ការបង្ក​ឱ្យ​ខូច​សណ្តាប់ធ្នាប់ បរិស្ថាន​អនាម័យ
​និង​ទី​៤- ឆ្លងកាត់​ទីប្រជុំជន ទីក្រុង ឬ​មុខ​ទី​ឯកជន និង​ទីសាធារណៈ​នានា យានយន្ត ត្រូវ​រក្សា​ល្បឿន​ក្រោម ឬ​ត្រឹម ៣០ គ​.​ម​/​ម៉ ។​

​លោក​វរសេនីយ៍ គី មករា បាន​បន្តទៀតថាៈ កន្លងមក អាជ្ញាធរ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ធ្លាប់​បានចេញ ចាត់វិធានការ ជា​បន្តបន្ទាប់​ដែរ ៕/V​