ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រលប់ថ្ងៃទី ១៦ខែវិច្ឆិកា២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញសារជាសម្លេងជម្រាបជូនជនរួមជាតិអំពីបញ្ហាសុខភាពរបស់សម្តេចដែលមានលក្ខណធម្មតា។ តែអ្វីដែលជាការសប្បាយរីករាយរបស់សម្តេចនៅត្រង់ថាមេដឹកនាំនៃបណ្ដាប្រទេសដែលបានមកចូលរួមប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាហើយពេលត្រឡប់ទៅវិញមិនមានអ្នកណាម្នាក់ឆ្លងកូវីដ១៩ពីកម្ពុជានោះទេ ។ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុដែលសម្តេចមិនបានទុកតំណាងឲ្យនៅចូលរួមកិច្ចប្រជុំប្រទេសG20គឺដោយសារថាកម្ពុជាមិន មែនជាសមាជិកប្រទេស G20 នោះទេដូចនេះមិនមានសិទ្ធិចាត់តាំងតំណាងនោះឡើយ ,ហើយការអញ្ជើញទៀតសោតគឺអញ្ជើញប្រធានអាស៊ានគឺសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ ២៤ ម៉ោងបានកន្លងផុតទៅហើយបន្ទាប់ពីសាររបស់សម្តេច ពេលនេះសុខភាពរបស់សម្តេចមានភាពធម្មតា មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ អាការៈ ទាំងប៉ុន្មានគឺដូចធម្មតា ទទួលទានអាហារក៏ធម្មតា និង ការសម្រាកក៏ធម្មតា ។ សម្តេចបន្តថាអ្វីដែលជាការសប្បាយរីករាយរបស់សម្តេច នៅត្រង់ឃើញថាមេដឹកនាំនៃបណ្ដាប្រទេស ដែលចាកចេញពីកម្ពុជាក្នុងពេលប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រទេស G20 នៅប្រទេសឥណ្ឌូនេស៊ីក៏ដូចជាការវិលត្រឡប់ទៅកាន់ ប្រទេសវិញ គ្មានអ្នកណាម្នាក់បានឆ្លង covid ១៩ ចេញពីកម្ពុជានោះទេ ។

សម្តេចបន្តថានេះអាចបញ្ជាក់បានថាកម្ពុជាបានទទួលភ្ញៀវដោយសុវត្ថិភាពទាំងសន្តិសុខ ទាំងបញ្ហាទាក់ទងជាមួយនឹងជំងឺឆ្លងក៏ដូចជាបរិយាកាសដទៃទៀត ដែលផ្ដល់អំណោយផល សម្រាប់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបកស្រាយអំពីការលើកឡើងថាហេតុអ្វីបានជាសម្តេចមានកូវីដតែម្នាក់ឯង ហើយមិនទុកសមាជិកប្រតិភូឲ្យនៅចូលរួមក្នុងកិច្ចប្រជុំប្រទេសG20នៅ ឥណ្ឌូនេស៊ី ។ សម្តេចបានបញ្ជាក់ថាកម្ពុជាមិនមែនជាប្រទេសសមាជិកG20នោះទេ។បើយើងជាប្រទេសសមាជិកG20យើងមានសិទ្ធិនិងតែងតាំងរដ្ឋមន្ត្រីឬឧបនាយករដ្ឋមន្ត្រីណាមួយ ជាតំណាងរបស់យើងនៅទីនេះក៏ប៉ុន្តែនៅឥណ្ឌូនេស៊ីក៏ដូចជានៅបាងកកប្រទេសរបស់យើងត្រូវបានទទួលការអញ្ជើញក្នុងនាមជាប្រធានអាស៊ានតែម្ដងគឺនាយករដ្ឋមន្ត្រីហ៊ុនសែន។ដូច្នេះដើម្បីធានាការប្រព្រឹត្តិទៅបានល្អក្នុងការប្រជុំកម្ពុជាបានធ្វើការសម្របសម្រួលជាមួយឥណ្ឌូនេស៊ីដែលបានទទួលញញួរជាប្រធានអាស៊ានរួចហើយនោះគឺគ្រប់គ្រងការងារជាប្រធាន អាស៊ានតែម្ដង ។ ព្រោះថាយើងមិនមានសិទ្ធចាត់តាំងអ្នកណាពីកម្ពុជាជំនួសឲ្យនាយករដ្ឋមន្ត្រីហ៊ុនសែនបានទេ។ម្យ៉ាងទៀតដោយសារការធ្វើដំណើរតាមយន្តហោះជាមួយគ្នាក្នុងចំនួន ៤០នាក់ជាងមិនមានអ្នកណាកើតកូវីដ១៩ក៏ដោយ។ក៏ប៉ុន្តែប្រសិនមានបុគ្គលណាមួយឧបនាយករដ្ឋមន្ត្រីណាមួយអនុញ្ញាតឲ្យចូលរួមប្រជុំវាពិតជាផ្ដល់នូវការកង្វល់សម្រាប់ម្ចាស់ផ្ទះគឺឥណ្ឌូនេស៊ីហេតុដូច្នេះហើយបានជាសម្តេចសម្រេចចិត្តវិលត្រឡប់មកប្រទេសទាំងអស់គ្នាហើយប្រគល់ឋានៈជាប្រធានអាស៊ាននេះសម្រាប់ឥណ្ឌូនេស៊ីតែម្ដង។

សម្រាប់ការប្រជុំនៅអេប៉ិចទៀតសោតយើងបានសួរនាំទៅម្ចាស់ផ្ទះនៃអង្គប្រជុំនោះថាតើយើងអាចចាត់តំណាងទៅចូលរួមបានឬទេ?គឺខាងម្ចាស់ផ្ទះបានឆ្លើយតបមកយើងវិញថាគឺការនេះគឺជាការអញ្ជើញប្រធានអាស៊ានដូច្នេះមិនមានការចាំបាច់ដើម្បីចាត់តាំងអ្នកណាទៅចូលរួមនោះទេ ។ ត្រង់នេះហើយដែលសម្តេចសូមបញ្ជាក់ថាក្នុងឋានៈយើងជាប្រធានអាស៊ានដែលត្រូវអញ្ជើញចំឈ្មោះគឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេនឆ្នាំ ២០២២ គេមិនមែនអញ្ជើញព្រះរាជាណាចក្រកម្ពុជានោះទេពិតមែនព្រះរាជាណាចក្រកម្ពុជាជា ប្រធានអាស៊ានប៉ុន្តែយើងទៅក្នុងនាមប្រធានអាស៊ានគឺ ហ៊ុន សែន ជាប្រធានតែម្ដង។

សម្តេចតេជោ ហ៊ុន សែន បន្តថានេះជាការជម្រាបជូនដើម្បីឲ្យមានការយល់គ្នាជាសវៀងនូវការភាន់ច្រឡំណាមួយដែលអាចកើតមានលើការបកស្រាយនា នា ៕