ដោយៈ​ មុនីរ័ត្ន-ដេប៉ូ / ភ្នំពេញៈអង្គភាពប្រឆាំងអំពេីពុករលួយ​ (ACU) ប្រកាសឃាត់ខ្លួនជនសង្ស័យ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ​ នៅល្ងាចថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ពាក់ព័ន្ធភាពមិនប្រក្រតី​ នៃការបន្លំដកយកសាច់ប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

លោកទេសរដ្ឋមន្ត្រី​ ឱម​ យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពេីពុករលួយ​ បានប្រាប់រស្មីកម្ពុជា នៅយប់ថ្ងៃទី១៦​ ខែវិច្ឆិកា នេះថាៈ “ទី១.​ អ.ប.ព. ពិតជាបានទទួលយកជនសង្ស័យ សុខ សុផា ស្មៀនសាលាសង្កាត់តាខ្មៅ មកធ្វើការស៊ើបអង្កេត នៅអង្គភាពប្រឆាំងអំពើពុករលួយ ពិតប្រាកដមែន។ ទី២.​ រហូតដល់ម៉ោង ៥:00 ល្ងាចថ្ងៃនេះក្រោយពីស្ដាប់ចម្លើយ និងផ្ទៀងផ្ទាត់មើល អំពីបន្ទុកផ្សេងៗ អ.ប.ព. បានសម្រេចប្រកាសឃាត់ខ្លួនជនសង្ស័យ សុខ សុផា នេះ ហើយ អ.ប.ព. មានពេល ៤៨ ម៉ោង ដើម្បីកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ សុខ សុផា នេះ ទៅអយ្យការអមសាលាដំបូង ខេត្តកណ្ដាល”។

សូមជម្រាបថា​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ច ចាប់ខ្លួនស្មៀនសាលាសង្កាត់តាខ្មៅ​ ពាក់ព័ន្ធភាពមិនប្រក្រតី​ នៃការបន្លំដក យកសាច់ប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាល សាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការចាប់ខ្លួន បានធ្វេីឡេីង នៅសាលាសង្កាត់តាខ្មៅ បន្ទាប់ពីមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ។ ក្រោយទទួលបានពាក្យបណ្តឹងអគ្គនាយកមូលនិធិជាតិជំនួយសង្គម រួមសហការជាមួយ អាជ្ញាធរខេត្ត ក្រុង សង្កាត់ បានចុះធ្វេីការស្រាវជ្រាវ​ និងរកឃេីញរការពិតមានការពាក់ព័ន្ធ ជាមួយស្មៀនសង្កាត់តាខ្មៅ​ ។

បេីតាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរនាលខេត្តកណ្ដាល បានឲ្យដឹងថាៈ ជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ស្មៀនសាលាសង្កាត់តាខ្មៅ ។

មន្ត្រីបានបន្តថាៈ ក្រុមការងារចម្រុះរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក ឈួ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក មូលនិធិជាតិជំនួយសង្គម រួមសហការជាមួយ អាជ្ញាធរខេត្ត ក្រុង សង្កាត់ បានចូលរួម ក្នុងការស្រាវជ្រាវ ភាពមិនប្រក្រតីនៃការបន្លំដកយក សាច់ប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅ នៅរដ្ឋបាលសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមាសភាពចូលរួម ៖ ១-លោក ឃឹម សំភារ អភិបាល នៃគណៈអភិបាល ក្រុងតាខ្មៅ ២-លោក លី សុខធី ប្រធានមន្ទីរ ស.អ.យ. ខេត្តកណ្តាល ៣-លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ៤-លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ ៥-លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ចុះត្រួតពិនិត្យ តាមពាក្យបណ្តឹង របស់ឈ្មោះ ជុំ ចិន្តា កាន់សមធម៌លេខ 08110403-0086។ បន្ទាប់មក ក្រុមការងារបានពិនិត្យស្រាវជ្រាវ ក្នុងប្រព័ន្ធរបស់ក្រសួងឃើញថា ប័ណ្ណសមធម៌របស់ឈ្មោះ ជុំ ចិន្តា គឺបានបើកប្រាក់ ជាបន្តបន្ទាប់ ១៦ ខែរួចហើយ ដែលក្នុងមួយខែ ចំនួន ២៣២.០០០ រៀល ស្មើនឹងទឹកប្រាក់សរុប ៣.៧១២.០០០ រៀល។ បន្ទាប់មក ក្រុមការងារ បានរកឃើញបន្ថែមនូវប័ណ្ណសមធម៌ ចំនួន ១៩ ប័ណ្ណទៀត ដែលមានភាពមិនប្រក្រតី និងមានការបន្លំដកប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់ឈ្មោះ សុខ សុផា ភេទប្រុស ជាស្មៀន និងជាអ្នកអនុវត្តកម្មវិធី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលសរុបទាំង ២០ ប័ណ្ណ មានទឹកប្រាក់សរុប ចំនួន ៧០.៩៨៨.០០០ រៀល ។

តាមចម្លើយសារភាព របស់ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ឆ្លើយថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់, រក្សាទុក និងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ ជូនម្ចាស់ដើមពិតប្រាកដមែន៕/V