ដោយៈ មុនីរ័ត្ន / ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវត្តមានដ៏ខ្ពង់ខ្ពស់ លោកស្រី ញ៉ែម សាខន ស ខេង ប្រធានកិត្តិយស ក្រុមអ្នកម្តាយមនុស្សធម៌ កាលពីរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះ សំណាល ផ្តល់ស្បៀងអាហារ ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនពលរដ្ឋ ចំនួន ១៥០ គ្រួសារ និងពិសាអាហារសាមគ្គី ជាមួយបងប្អូនអាជីវករ ក្រៅប្រព័ន្ធ ក្នុងក្រុងបាត់ដំបង ។

លោក ស សុខា បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារ ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានរៀបចំ ពិធីសំណេះសំណា ​ដើម្បីស្វែង យល់​អំពីសុខទុក្ខរបស់បងប្អូន អាជីវករក្រៅប្រព័ន្ធ ក្នុងក្រុងបាត់ដំបង។

លោកបានបញ្ជាក់ថាៈ ដោយសារការសម្របសម្រួលខ្លួន ទៅនឹងគន្លងប្រក្រតីភាព ថ្មី របស់បងប្អូនប្រជាជនទូទៅ និងការបើកដំណើរការ គ្រប់អាជីវកម្មឡើងវិញ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្យាករណ៍ថា ឆ្នាំ២០២២ នេះ កំណើនសេដ្ឋកិច្ច កម្ពុជា អាចរំពឹងថាសម្រេចបានក្នុងរង្វង់ ៥.៤% និងជាង ៦% ក្នុងឆ្នាំ២០២៣។ ក្នុងន័យនេះ សហគ្រាសធុនតូច និងមធ្យម ក៏មានការរួមចំណែក ពីបងប្អូន ជាម្ចាស់អាជីវកម្មទាំងអស់ ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ច​នៅកម្ពុជា ទោះបីជាផ្នែកនេះ ធ្លាប់បាន និងកំពុងរងគ្រោះ ដោយសារចំហាយ នៃវិបត្តិកូវីដ-១៩ ក្តី។

ជាមួយគ្នានេះ លោក ស សុខា ក៏មានប្រសាសន៍ផ្ដាំផ្ញើ ដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជីវករទាំងអស់ ក្នុងក្រុងបាត់ដំបង បន្តយកចិត្តទុក ដាក់ ចំពោះបញ្ហាមួយចំនួន រួមមានៈ សូមយកចិត្តទុកដាក់ ថែរក្សាសុខភាព អនាម័យ ឲ្យបានគ្រប់ពេលវេលា ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការនានា ដែលក្រសួងសុខាភិបាល បានដាក់ចេញ នាពេលកន្លងមក សំដៅទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ផង និងសុខមាលភាពរបស់ខ្លួន ព្រមទាំងក្រុមគ្រួសារផង។

សូមអាជីវករទាំងអស់ យកចិត្តទុកដាក់ ចំពោះសុវត្ថិភាពចំណីអាហារ កុំលក់ចំណីអាហារណា ដែលគ្មានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ផលិតផលក្លែងក្លាយ និងប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលអាចនាំឲ្យ គ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជា ខាតបង់ថវិកា ស្របពេលដែល បងប្អូនប្រជាពលរដ្ឋរបស់យើង បាននិងកំពុងរងផលប៉ះពាល់ ពីវិបត្តិកូវីដ-១៩ គ្រោះទឹកជំនន់ រួមទាំងការឡើងថ្លៃនៃប្រេងឥន្ធនៈ ដោយសារវិបត្តិសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន ស្រាប់ហើយនោះ។

ក្រុងបាត់ដំបង ឋិតក្នុងចំណោមទីក្រុងចំនួន ៣ របស់កម្ពុជា ដែលទទួលបានជ័យ លាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទីបី សុពលភាពឆ្នាំ២០២២-២០២៤ ។ ក្នុងន័យនេះ លោក ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករទាំងអស់ បន្តចូលរួមថែរក្សាបរិស្ថាន ក៏ដូចជា សោភ័ណភាព នៅតាមដងផ្លូវ នៅតាមទីផ្សារនានា តាមរយៈការយកចិត្តទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ និងកុំសាងសង់សំយាប ឬតូបលក់លយមកលើចិញ្ចើមផ្លូវ ដែលអាចនាំឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ រួមនឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ។

លោក ស សុខា បានបន្តថាៈ ចំពោះអ្នកដែលមិនទាន់មានឈ្មោះ ក្នុងបញ្ជីបោះ ឆ្នោត ឬក៏ដល់អាយុបោះឆ្នោត ឬក៏មានសមាជិកគ្រួសារ ត្រូវចុះឈ្មោះបោះឆ្នោត សូមត្រៀមឯកសារ ឲ្យបានរួចរាល់ សម្រាប់ចុះឈ្មោះ តាមឃុំ សង្កាត់ រៀងៗខ្លួន ឲ្យបានមុនថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអាចចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ៕/V