ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខៀវ​សា​ម៉េ​ត​បានទទួល​ការគាំទ្រ​ពី​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ជា​ប្រធាន​ថ្នាក់​តំបន់​នេះ​ម្ដងទៀត គឺ​អាណត្តិ​២០២២ ដល់​២០២៦​។​

​មហាសន្និបាត​ដែល​ដែល​ធ្វើ​នៅ​ខេត្តសៀមរាប ក្រោម​វត្តមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាស៊ី​អាគេ្នយ៍ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។​

​មហាសន្និបាត​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យមើល​នូវ​វឌ្ឍនៈភាព​របស់​សហព័ន្ធ​តំបន់​មួយ​នេះ និង​បោះឆ្នោត​ប្រធាន​អនុប្រធាន​សមាជិក​គណៈ​កម្ម​ការប្រតិបត្តិ​មួយ​តំណែង​សម្រាប់​សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​៥​រូប និង​សមាជិក​ក្រុមប្រឹក្សា​ស្ត្រី​១​រូប​។​

​មហាសន្និបាត​នេះ​មានការ​ចូលរួម​ពី​សំណាក់​ប្រធាន និង​តំណាង​សមាជិក​សហព័ន្ធ​បាល់ទាត់​អាស៊ាន​តំណាង​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA អគ្គលេខាធិការរង​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី ប្រធាន​សហព័ន្ធ​បាល់ទាត់​ជប៉ុន ប្រធាន​សហព័ន្ធ​បាល់ទាត់​អូស្ត្រាលី អនុប្រធាន​សហព័ន្ធ​បាល់ទាត់​អា​រ៉ា​ប៊ី​សា​អូឌីត​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន​អគ្គលេខាធិការរង​សហព័ន្ធ​បាល់ទាត់​ចិន​តៃប៉ិ​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េ និង​ដៃគូ​ពាណិជ្ជកម្ម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​៕​