​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ីរ៉ង់​បាន​កាត់ទោស​ប្រហារជីវិត​ជា​បន្តបន្ទាប់ ខណៈ​ការតវ៉ា​ដឹកនាំ​ដោយ​ស្ត្រី​ជុំវិញ​ការស្លាប់​របស់​នាង ម៉ាសា អា​មី​នី (Mahsa Amini) ក្នុង​មន្ទីរឃុំឃាំង បាន​ឈាន​ចូលដល់​ខែ​ទី​បី​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា ដោយ​ការប៉ះទង្គិច​គ្នា​បាន​ឆក់យក​ជីវិត​យ៉ាងហោច​ណាស់​ប្រាំពីរ​នាក់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​។​

​ចំនួន​អ្នក​ស្លាប់​នោះ​មិន​រាប់បញ្ចូល​មនុស្ស​ប្រាំមួយ​នាក់​ដែល​អាជ្ញាធរ​និយាយថា​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង ដែល​បាន​វាយប្រហារ​លើ​ក្រុម​បាតុករ​និង​ប៉ូលិស​នៅ​យប់​ថ្ងៃ​ពុធ​ក្នុង​ខេត្ត​ឃូ​ហ្សេ​ស្ថាន (Khuzestan) ភាគ​និរតី​។​

​អំពើហិង្សា​តាម​ដងផ្លូវ​បាន​រាលដាល​ពាសពេញ​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការតវ៉ា​ដែល​បង្កឡើង​ដោយ​ការស្លាប់​របស់​នាង​អា​មី​នី​កាលពី​ថ្ងៃទី ១៦ ខែ​កញ្ញា​កាន់តែ​មាន​សភាព​ខ្លាំង​ឡើង​នៅ​ថ្ងៃ​ខួប​នៃ​ការបង្ក្រាប​​ដ៍​សាហាវ​ក្នុង​ឆ្នាំ ២០១៩​។​

​រលឹក​ថា នាង​អា​មី​នី អាយុ ២២ ឆ្នាំ ជា​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​ដើមកំណើត​ឃឺ​ដ បាន​ស្លាប់​នៅក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​សីលធម៌​ដែល​ល្បី​អសោច​បន្ទាប់ពី​ការចាប់ខ្លួន​នាង​ពី​បទ​រំលោភ​លើ​ក្រម​សម្លៀក​បំពាក់​​ដ៏​តឹងរ៉ឹង​របស់​អ៊ីរ៉ង់​សម្រាប់​ស្ត្រី​អ៊ីស្លាម​។​

​ហ្វូង​បាតុករ​ឮ​ស្រែកច្រៀង​នៅតាម​ផ្លូវ​ក្រុងតេ​ហេ​រ៉ង់ ក្នុង​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​អ្នកឃ្លាំមើល​បណ្តាញ​សង្គម 1500tasvir យ៉ាង​ដូច្នេះ​ថា “​យើង​នឹង​ប្រយុទ្ធ​! យើង​នឹង​ស្លាប់​!​យើង​នឹង​យក​អ៊ីរ៉ង់​​មកវិញ​!”​។

​នៅក្នុង​វីដេអូ ដែល​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP​កងកម្លាំង​សន្តិសុខ​ហាក់​បាន​បើក​ការបាញ់ប្រហារ​ទៅ​លើ​អ្នកដំណើរ​រាប់សិប​នាក់​​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ទី​ក្រុងតេអេ​រ៉ង់ ដែល​បណ្តាល​ឱ្យ​ពួកគេ​រត់​ជាន់​គ្នា​ដួល​នៅលើ​រថភ្លើង​។​

​វីដេអូ ដែល​បាន​ផ្ទៀងផ្ទាត់​មួយ​ផ្សេងទៀត បានបង្ហាញ​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ រួមទាំង​មន្ត្រី​ស្លៀកពាក់​ធម្មតា វាយប្រហារ​ស្ត្រី​ដែល​គ្មាន​ស្បៃ​រុំ​ក្បាល​ហ៊ី​ចាប នៅលើ​រថភ្លើង​ក្រោម​ដី​។​

​អ្នករៀបចំ​ការតវ៉ា​បាន​អំពាវនាវ​ឱ្យមាន​សកម្មភាព​រយៈពេល​បី​ថ្ងៃ​ដើម្បី​រំលឹក​ដល់​មនុស្ស​រាប់រ​យ​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​បាតុកម្ម “Bloody Aban” ឬ “​វិច្ឆិកា​ដ៏​បង្ហូរឈាម​” ដែល​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា​ឆ្នាំ ២០១៩ បន្ទាប់​ពី​ការសម្រេចចិត្ត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ក្នុង​ការដំឡើងថ្លៃ​ប្រេងឥន្ធនៈ​។​

​ខួប​នេះ​បាន​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការតវ៉ា​អំពី​នាង​អា​មី​នី ដែល​ឃើញ​ស្ត្រី​ដុត​ស្បៃ​ហ៊ី​ចាប​និង​ប្រឈម​មុខ​នឹង​កងកម្លាំង​សន្តិសុខ​នៅ​តាម​ដងផ្លូវ​៕

​ភាពចលាចល​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​ខឹងសម្បា​ចំពោះ​ច្បាប់​សម្លៀក​បំពាក់​សម្រាប់​ស្ត្រី ប៉ុន្តែ​បាន​រីកចម្រើន​ទៅ​ជា​ចលនា​ដ៏​ទូលំទូលាយ​ប្រឆាំងនឹង​ការគ្រប់គ្រង​បែប​ផ្តាច់ការ