ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ​បាន​ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​នៅ​កោះ​បាលី​​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​មេដឹកនាំ​ទាំងពីរ​បាន​សន្យា​ធ្វើ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​លើ​ការអភិវឌ្ឍ​វ៉ាក់សាំង​កូវី​ដ​១៩​។​

​លោក​ស៊ី​បាន​ប្រាប់​លោក​វី​ដូ​ដូ​ថា ចិន​នឹង​ជំរុញ​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​រួម​គ្នា​លើ​វ៉ាក់សាំង​និង​បន្ត​គាំទ្រ​ឥណ្ឌូនេស៊ី ក្នុង​ការកសាង​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​ក្នុង​តំបន់​នេះ​បើ​យោង​តាម​សេចក្តី​​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេស​ចិន​។​

​សេចក្តីថ្លែងការណ៍​ចិន​បាន​ដកស្រង់​សម្តី​លោក​វី​ដូ​ដូ​ថា “​ឥណ្ឌូនេស៊ី​សម្តែង​ការពេញចិត្ត​និង​ដឹងគុណ​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ភាគី​ទាំង​ពីរ​ក្នុង​វិស័យ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​និង​ការផលិត​វ៉ាក់សាំង​​កូវី​ដ​១៩ ហើយ​មាន​ឆន្ទៈ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការថែទាំ​សុខភាព​”​។​

​ឥណ្ឌូណេស៊ី​គឺជា​អ្នកទិញ​ដ៏​ធំ​មួយ​នៃ​វ៉ាក់សាំង​កូវី​ដ​ផលិត​នៅ​ប្រទេស​ចិន ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត ដោយ​ចាក់​រាប់រយ​លាន​ដូស ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech របស់​ចិន​រហូតមកទល់​ពេលនេះ​។​

​កាលពី​ខែ​កញ្ញា ឥណ្ឌូនេស៊ី​បាន​និយាយថា ខ្លួន​បាន​ផ្តល់​ការយល់ព្រម​លើ​ការប្រើប្រាស់​ជាបន្ទាន់​ដល់​វ៉ាក់សាំង mRNA COVID-19 ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ដោយ​បាន​ក្លាយ​​ជា​ប្រទេស​ដំបូង​គេ​ធ្វើ​ដូច្នេះ​ដែល​សូម្បី​តែ​ចិន​ក៏​មិន​ទាន់​អនុម័ត​ដែរ​៕

លោក​វី​ដូ​ដូ និង​លោក​ស៊ី ជីន​ភីង ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​