ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡាករ​ជម្រើសជាតិ​វ៉ូ​វី​ណា​ម ម៉េ​ត សារី ពេលនេះ​កំពុង​ហ្វឹកហាត់​ចំនួន​ប្រាំ​វិញ្ញាសា​ដែល​ក្នុង​នោះគេ​បានសម្រេច​ចិត្ត​សម្រុក​ហាត់​ខ្លាំង​ចំនួន​បី​វិញ្ញាសា​ដើម្បី​សម្រេច​គោលដៅ​មេដាយមាស​ចំនួន ៣ គ្រឿង​ដែល​ខ្លួន​បានកំណត់​។

ម្ចាស់​មេដាយមាស​ពិភពលោក​ខាងលើ​បាន​ឲ្យ​ដឹងថា​វិញ្ញាសា​ដែល​ធ្លាប់​ជោគជ័យ​និង​ឈ្នះ​មេដាយមាស​ក្នុង​កម្មវិធី​ជើងឯក​អាស៊ីអាគ្នេយ៍ និង​កម្មវិធី​ពិភពលោក​គឺមាន​ស្នៀត​ការពារ​ខ្លួន​អត់​អាវុធ​បុរស​ពីរ​នាក់​, មេគុណ​ដាវ​បុរស​បួន​នាក់ និង​ស្នៀត​ការពារ​ខ្លួន​បុរស​បីនាក់​នារី​បីនាក់​។​ចំណែក​ពីរ​ប្រភេទ​វិញ្ញាសា​ផ្សេងទៀត​ក៏បាន​ប្រឹងប្រែង​ហ្វឹកហាត់​ដូចគ្នា​ប៉ុន្តែ​មិនបាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ក្នុង​ការយក​មេដាយ​នោះទេ​គឺ​ស្នៀត​ការពារ​កាំបិត​ខ្លី​បុរស​ពីរ​នាក់​និង​ស្នៀត​ពិសេស​កៀប​ក​បុរស​បួន​នាក់​។​ឮ

​សារី​បញ្ជាក់ថា​ឥឡូវនេះ​យើង​កំពុង​ហ្វឹកហាត់​កម្លាំង​និង​បច្ចេកទេស​ខ្លាំង​ព្រោះ​ណាមួយ​ពេលនេះ​ហាក់​កៀក​ដែរ​ហើយ​។​បច្ចុប្បន្ន​មួយថ្ងៃ​យើង​ហាត់​រយៈពេល​៨​ម៉ោង​ដោយ​ក្នុង​មួយថ្ងៃ​យើង​ហាត់​បី​ពេល​គឺ​ព្រឹក​ម៉ោង ៥ ដល់​ម៉ោង ៧ និង​បន្ទាប់មក​ហាត់​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ១១ ថ្ងៃត្រង់ និង​យើង​ហាត់​ម៉ោង​៣​ដល់​ម៉ោង​៥​ល្ងាច​។​សារី​សារភាពថា​បច្ចុប្បន្ន​រូប​គេ​នៅមាន​ការខ្វះខាត​ខ្លះៗ​ដែរ​ដោយសារ​មាន​វិញ្ញាសា​ខ្លះ​ថ្មី ដូច្នេះ​ត្រូវការ​ហ្វឹកហាត់​បន្ថែមទៀត​ជាក់ស្ដែង​មុន​ស៊ី​ហ្គេម​មកដល់នឹង​ទៅ​ហាត់​នៅ​វៀតណាម​រយៈពេល​វែង​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​។​

​សម្រាប់​បី​វិញ្ញាសា​ដែល​សារី​បានដាក់​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ហ្នឹង​គឺ​សារី​ធ្លាប់​​ទទួលបាន​លទ្ធផល​ល្អ​ដូច្នេះ​គេ​នឹង​ព្យាយាម​រក្សា​តំណែង​ទាំងអស់នោះ​។​ដោយឡែក​២​វិញ្ញាសា​ផ្សេងទៀត​ក៏​កំពុង​ហ្វឹកហាត់​ខ្លាំង​ដែ​ទោះ​វា​ជា​ប្រភេទ​វិញ្ញាសា​ថ្មី​ក៏ដោយ​។ ដោយ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​នេះ សារី​រំពឹងថា​ស៊ី​ហ្គេម​នៅ​កម្ពុជា​នឹង​ទទួលបាន​លទ្ធ​​ផល​ល្អ​។

​ម៉េ​ត សារី ធ្លាប់​ឈ្នះ​មេដាយមាស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤​កាល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​, ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៥​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​ទទួលបាន​មេដាយប្រាក់​ពីរ​គ្រឿង និង​សំរឹទ្ធ​មួយគ្រឿង​កម្មវិធី​ជើងឯក​អាស៊ី​ដែល​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ឈ្នះ​មេដាយ​ពីរ​គ្រឿងប្រាក់​ពីរ​គ្រឿង និង​កម្មវិធី​ជើងឯក​ពិភពលោក​លើក​ទី​៦​ដែល​ធ្វើឡើង​នៅ​កម្ពុជា​នោះគេ​ឈ្នះ​មេដាយមាស​ពីរ​គ្រឿង និង​ប្រាក់​ពីរ​គ្រឿង​ដែរ​។​៕​