ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ អត្ត​ព​លិ​ក​កីឡា​ទូក​ប្រពៃណី​ទូក​នាគ និង​ប្រតិភូ​សរុប​៣៥​នាក់​បាន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ជើងឯក​អាស៊ី លើក​ទី​១៤ ឆ្នាំ​២០២២ នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ​។​

​គ្រូ​ជំនួយ​កីឡា​ទូក​ប្រពៃណី​ជម្រើសជាតិ​កម្ពុជា លោក គង់ សុភាព បាន​ឲ្យ​ដឹងថា គោលបំណង​ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នេះ​គឺ​ដើម្បី​ពិនិត្យ​លើ​សិទ្ធ​ផល​របស់​អត្ត​ព​លិ​ក​ទូក​ជម្រើសជាតិ​បន្ទាប់ពី​ពួកគាត់​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​អន្តរជាតិ​។ ជាពិសេស​គឺ​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស ត្រៀម​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​លោកគ្រូ​ជំនួយ​រូបនេះ បន្តថា ក្រោយ​ទទួលបាន​ការបង្ហាត់​ពី​គ្រូ​បរទេស លោក Naing Naing Htoo មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ផ្តល់ជូន​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣(Camsoc) សង្កេតឃើញ​សិទ្ធ​ផល និង​បច្ចេកទេស​មានការ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​តាមរយៈ​ការធ្វើ​តេស្ត​សមត្ថភាព​ប្រចាំខែ​ទាំង​កម្លាំង និង​បច្ចេក​
​ទេស​ជាពិសេស គឺ​អត្ត​ព​លិ​ក​វ័យក្មេង​។​ការចូលរួម​កា​ប្រកួត​កម្រិត​អាស៊ី​គឺជា​ការវាស់ស្ទង់​និង​ដុសខាត់​សមត្ថភាព​ក្រុម​ជម្រើសជាតិ​ជាមួយ​អត្ត​ព​លិ​ក​ក្នុង​តំបន់​អាស៊ាន​ក៏ដូចជា​អាស៊ី​ដើម្បី​ពិនិត្យមើល​ពី​ចំនុច​ខ្វះខាត​យកមក​កែលម្អ​ក្នុងការ​ត្រៀមខ្លួន​ឲ្យ​ល្អ​ប្រជែង​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ នៅលើ​ទឹកដី​កម្ពុជា​។​

​លោក គង់ សុភាព បាន​រៀបរាប់ និង​បញ្ជាក់ថា​ការប្រកួត​នេះ​ប្រទេស​ដែល​ខ្លាំង​យើង​មិនអាច​មើលរំលង​មានដូចជា​ថៃ​ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា​ក្នុង​តំបន់​អាស៊ាន​។ ចំពោះ​ប្រទេស​មកពី​តំបន់​អាស៊ី​គឺ​ចិន និង​តៃវ៉ាន់​ជាដើម ដែល​យើង​គិតថា ជា​ប្រទេស​ពិបាក​នឹង​ប្រជែង​មេដាយ​។​

ចំពោះ​គ្រូបង្វឹក​ដែលជា​ជនជាតិ​មី​យ៉ាន់​ម៉ា​គឺ​លោក Naing Naing Htoo បានលើកឡើង​ថា​ការប្រកួត​នេះ​មាន​សារសំខាន់​សម្រាប់​អត្ត​ព​លិ​ក​កីឡា​ទូក​កម្ពុជា​បើ​ប្រៀបធៀប​សិទ្ធ​ផល​ឲ្យ​ល្អប្រសើរ​ច្រើនជាង​ឆ្នាំមុនៗ​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺមាន​អត្ត​ព​លិ​ក​វ័យក្មេង​ច្រើន​ដូច្នេះ​សហព័ន្ធ​ត្រូវ​ពង្រឹងសមត្ថភាព និង​បង្កើន​បច្ចេកទេស បទពិសោធន៍​បន្ថែម ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ជើងឯក​អាស៊ី​លើក​ទី​១៤​ឆ្នាំ​២០២២ ធ្វើ​នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ដោយមាន​១២​ប្រទេស​ចូលរួម គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា​ឆ្នាំ​២០២២៕​