ដោយ​៖​ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ គ្រូបង្វឹក​និង​អត្ត​ព​លិ​ក​កា​រ៉ា​តេ​ដូ​កម្ពុជា​ចំនួន​១៧​រូប​បាន​ចេញដំណើរ​តៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​កា​រ៉ា​តេ​ពិភពលោក WKF Championship Series A 2022 ដែល​នឹង​ចាប់ពី​ថ្ងៃទី​១៨​ដល់​២០ ខែវិច្ឆិកា​។​

​នេះ​ជាការ​ចេញដំណើរ​លើក​ទី​២ របស់​ក្រុមកីឡា​ការ៉េ​តេ​កម្ពុជា បន្ទាប់ពី​ក្រុមទី​១ បានធ្វើ​ដំណើរ​ទៅ​បោះជំរំ​ហ្វឹកហាត់ កាលពី ពីរ​សប្ដាហ៍​មុន ដើម្បី​ត្រៀម​ការប្រកួត​ដ៏​ធំ​នេះ​។​

​លោក ហេង ផេង ប្រធាន​គ្រូ​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បាន​និយាយថា​ការប្រកួត​នេះ​ពិតជា​ពិសេស​ណាស់​ពីព្រោះ​មាន​ប្រទេស​យ៉ាងហោច​៦៥​ប្រទេស​ចូលរួម នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ កីឡាការិនី​កា​រ៉ា​តេ​កម្ពុជា​ប្រកួតប្រជែង​ដើម្បី​វាស់​
​ស្ទង់​សមត្ថភាព និង​ដកស្រង់​បទពិសោធន៍ បន្ទាប់ពី​ពួកគេ​បោះជំរំ​ហ្វឹកហាត់​រយៈពេល​៣​ខែ នៅ​ជប៉ុន​កាលពី​ថ្មីៗ​ក៏ដូចជា​ការហ្វឹកហាត់​កន្លងមក​ដើម្បី​សម្រួច​សមត្ថភាព​ឆ្ពោះទៅ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​លោក​បន្ដថា​កម្ពុ​ជាមាន​គម្រោង​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ចន្លោះ​ពី​១​ដល់​៤​មេដាយមាស​។ ហេតុនេះ​ទើប​ពួកយើង​ខិតខំ​ជំរុញ​ការងារ​ហ្វឹកហាត់​ពួកគាត់​។ កីឡាករ កីឡាការិនី​របស់​យើង បាន​ហ្វឹកហាត់​៣​ខែ នៅ​ជប៉ុន កាលពី​ខែមិថុនា ដល់​ខែកញ្ញា​កន្លងទៅ ហើយ​យើង​មើលឃើញ គុណ​ផល​កីឡា​របស់​ពួកគាត់ មានការ​កើនឡើង​។​

​យើង​ចាំមើល​ទាំងអស់ ការប្រកួត Series A ពួកគាត់​ត្រូវ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ ការតស៊ូ​និង​ឆ្លងកាត់​ការប្រកួត​ជាច្រើន​ដើម្បី​ដណ្ដើម​ជ័យជម្នះ​។​តែ​យើង​រំពឹងថា​ពួកគាត់​នឹង​កើនឡើង​ទ្វេដង ដើម្បី​ត្រៀម​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម ក្នុងនាម​ម្ចាស់ផ្ទះ នា​ឆ្នាំក្រោយ​។​

ដើម្បី​ពង្រឹង​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ ពិសេស​សម្រួច​សមត្ថភាព​ឲ្យ​កាន់តែ​មុត​ស្រួច លោក​បាន​លើកឡើងថា​ការប្រកួត Series A នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ ជាក់ស្ដែង​សហព័ន្ធ​មាន​ផែនការ​ប្រកួត​ជាច្រើន​ទៀត សម្រាប់​កីឡាករ កីឡាការិនី ដូចជា​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នៅ​ចុងខែ​វិច្ឆិកា​នេះ​។​

​ការប្រកួត​ជើងឯក​អាស៊ី នៅ​ប្រទេស​អូ​បេ​គី​ស្ថាន នា​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ​និង​ការប្រកួត​ជើងឯក​អាស៊ាន​អំឡុង​ខែមីនា ឆ្នាំ​២០២៣​ជាដើម ដើម្បី​ធានាបាន​នូវ​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​ប្រជែង​មេដាយ​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ប្រធាន​គ្រូបង្វឹក​ជម្រើសជាតិ​រូបនេះ​បន្ដថា សម្រាប់​ការប្រកួត WKF Championship Series A 2022 នៅ​ហ្សា​កាតា​នេះ គឺ​បែង​ចែកជា​ពីរ​ផ្នែក​ធំៗ គឺ​សម្ដែង និង​ប្រយុទ្ធ​។សម្រាប់​ផ្នែក​សម្ដែង​មាន​៤​វិញ្ញាសា​គឺ វិញ្ញាសា​សម្ដែង​ឯកត្តជន​បុរស​-​នារី និង​សម្ដែង​ក្រុម​បុរស​-​នារី​។ រីឯ​ផ្នែក​ប្រយុទ្ធ សម្រាប់​បុរស​ពេញវ័យ​មាន​៥​វិញ្ញាសា​គឺ​ទម្ងន់ -៦០​គក​, -៦៧​គក​, -៧៥​គក​, -៨៤​គក និង +៨៤​គក ហើយ​សម្រាប់​នារី មាន​៣​វិញ្ញាសា​គឺ​ទម្ងន់ -៥០​គក​, -៥៥​គក និង -៦១​គក​៕​