​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ប្រធានាធិបតី ស៊ី ជីន​ភីង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​ថា ចិន​នឹង​បន្ត​ធ្វើការ​ជាមួយ​សមាជិក​នៃ​ក្រុម​ប្រទេស G20​ដើម្បី​ជំរុញ​ឱ្យមាន​គំរូ​សេដ្ឋកិច្ច​ឌីជីថល​​សកល ដែល​មាន​តុល្យភាព ការសម្របសម្រួល និង​រួមបញ្ចូល​គ្នា ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​មនុស្ស​ទាំងអស់​គ្នា និង​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​និង​វិបុលភាព​រួមគ្នា​។​

​លោក​ស៊ី​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ នៅ​ពេល​ចូលរួម​និង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល G20​លើក​ទី ១៧ នៅ​កោះ​រមណីយដ្ឋាន​បាលី​របស់​ឥណ្ឌូនេស៊ី​។​

​ក្នុងអំឡុង​ការពិភាក្សា​ស្តី​ពី​ការផ្លាស់​ប្តូរ​ឌីជីថល លោក​ស៊ី​បានចង្អុលបង្ហាញ​ថា​ការកើនឡើង​នៃ​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​និង​ការ​ពន្លឿន​ការផ្លាស់ប្តូ​រខាង​ឌីជីថល​នៅ​ទូទាំង​ពិភពលោក​បាន​ក្លាយជា​កត្តា​សំ​​ខាន់​ដែល​ប៉ះពាល់​ដល់​ទិដ្ឋភាព​សេដ្ឋកិច្ចពិភពលោក​។​

​លោក​ស៊ី​បាន​កត់សម្គាល់​ថា នៅពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល G20 នៅ​ហាង​ចូវក្នុង​ឆ្នាំ ២០១៦ ចិន​បាន​រួម​បញ្ចូល​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​របៀបវារៈ G20 ជា​លើកដំបូង​ហើយ​បាន​អំពាវនាវ​ឱ្យ​​ស្វែងរក​វិធី​ច្នៃប្រឌិត​ថ្មី​សម្រាប់​ការអភិវឌ្ឍ និង បង្កើត​កត្តា​ជំរុញ​កំណើន​ថ្មីៗ​។​

​លោក​បាន​និយាយថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ G20 បាន​បង្កើន​ការឯកភាព​គ្នា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការផ្លាស់ប្តូរ​ខាង​ឌីជីថល​និង​ការកសាង​សេដ្ឋ​​កិច្ច​ឌីជីថល ដោយ​លោក​សង្ឃឹមថា ភាគី​ទាំងអស់​នឹង​បញ្ចេញ​នូវ​ភាពស្វាហាប់​ក្នុង​កិច្ចសហប្រតិបត្តិការ​ឌីជីថល និង​នាំមក​នូវ​អត្ថប្រយោជន៍​នៃ​សេដ្ឋកិច្ច​ឌីជីថល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងអស់​។​

​លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ប្រកាន់​ជំហរ​ពហុភាគី​និយម​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​ប្រធានាធិបតី​ចិន​និយាយថា បណ្តា​ប្រទេស​នានា​គួរតែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ជំរុញ​បរិយាកាស​បើកចំហ រួម​បញ្ចូល​គ្នា សមធម៌ យុត្តិធម៌ និង​មិន​រើសអើង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​ការគាំទ្រ​ឧស្សាហកម្ម​ឌីជីថល និង​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​ឌីជីថល​នៃ​ឧស្សាហកម្ម ដើម្បី​បញ្ចេញ​សក្តានុពល​នៃ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។​

​លោក​ស៊ី​បាន​កត់សម្គាល់​ថា ការកសាង “​ទីធ្លា​តូច​មួយ​ដែល​មានរ​បង​ខ្ពស់​” ដើម្បី​រឹតត្បិត​ឬ​រារាំង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អ្នកដទៃ ដោយ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួនឯង​នោះទេ ដោយ​លោក​បាន​បន្ថែមថា ការអនុវត្ត​បែបនេះ​គឺ​មិន​សមស្រប​ជាមួយ​ផលប្រយោជន៍​រួម​របស់​សហគមន៍​អន្តរជាតិ​ទេ​៕

ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង ចូលរួម​និង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល G20 លើក​ទី ១៧ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២