ដោយៈ ទេព មង្គល / ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការ ចំនួន ២រូប រួមមាន លោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម ចុះដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃរួចមក ថ្ងៃនេះ ក្រុមការងារ បានប្រជុំជាមួយ អ្នកពាក់ព័ន្ធ ជាពិសេស បានចុះជួបដោយផ្ទាល់ ជាមួយបងប្អូនប្រជាកសិករ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ដីអំពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានដដែលនេះ បានលើកឡើងថាៈ ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យ ដល់ទីតាំងជាក់ស្ដែង លោកឧកញ៉ា ភូ ពុយ អគ្គនាយក នៃរោងម៉ាស៊ីន កិនស្រូវបៃតង បានស្ម័គ្រចិត្ត ចូលរួមសហការជាមួយ រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវ គោលការណ៍រក្សា ស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញគោល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ មិនឱ្យក្រោម ៩ បាត / គីឡូក្រាម ឬ ១.០៤០ រៀល / គីឡូក្រាម ចាប់ពីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឺមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ រដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីតម្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ចុះតាមដានការអនុវត្តនេះ ដោយមិនឱ្យ ប្រជាកសិករយើង បាត់បង់ផលប្រយោជន៍ ដោយគ្មានហេតុផល នោះឡើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលជួបបញ្ហាជាក់ស្ដែង ឱ្យទាក់ទងផ្ទាល់ មកក្រុមការងាររបស់ក្រសួង តាមរយៈ លេខទូរស័ព្ទ ០៩៥ ៥៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួង អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល ជាមួយរោងម៉ាស៊ីន កិនស្រូវជូន។

ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឯកជនពាក់ព័ន្ធ ដែលមានលោកឧកញ៉ា ភូ ពុយ ជាអ្នកធានាអនុវត្តគោលការណ៍នេះ នឹងបន្តការងារ ទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែក៕/V-PC