ដោយៈ ប.ខុន / ភ្នំពេញៈ ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ប្រវែង ១១៦.៦៤០ ម៉ែត្រ និងផ្លូវបេតុង ប្រវែង ៣.៤១០ ម៉ែត្រ តម្លៃជាង ៤៧ លានដុល្លារ  ដែលជាគម្រោងកែលម្អ ផ្លូវជនបទជំហាន២ ក្រោមហិរញ្ញប្បទាន ឥតសំណង ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងខេត្តគោលដៅ ចំនួន៦ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជានិមិត្តរូបផ្លូវការ នៅភូមិសារ៉ាយ អណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមាន ការចូលរួមពី លោក វូ គួឈន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២។

លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ​និងជា ​នាយកគម្រោង បានធ្វើរបាយការណ៍ នៅក្នុងពិធីនេះថាៈ គម្រោងកែលម្អផ្លូវ ជនបទជំហាន២ បានចាប់ផ្តើមអនុវត្ត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ នៅខែតុលា ឆ្នាំ២០២២ បានចំណាយថវិកាសរុបចំនួន ៤៧.២៣២.៧៨៤​ ដុល្លារ ក្នុងនោះ មានហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន ចំនួន ២៩៦.៦១៩.២៦០ យ៉ន់ចិន (ប្រមាណ ៤៥.៥៦៣.៥៨៩ ដុល្លារអាមេរិក) និងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១.៦៦៩.១៩៥ ដុល្លារ សម្រាប់ធ្វើការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងសេវា ទីប្រឹក្សាបច្ចេកទេស ត្រួតពិនិត្យការអនុវត្តគម្រោង និងសម្រាប់ការងារប្រតិបត្តិកា រគម្រោង។

លោករដ្ឋលេខាធិការ បានបន្តថាៈ ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ដែលកំពុង ប្រារព្ធពិធីសម្ពោធ នាពេលនេះ មានប្រវែងសរុប ១១.៦៦៣ ម៉ែត្រ និងផ្លូវបេតុង ប្រវែង ៣,៤១ គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅ ទាំង៦ រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ ការសាងសង់ មានពីរកញ្ចប់ គឺ៖

កញ្ចប់ ទី១ ក្រុមហ៊ុន Shanghai Construction Group Co. Ltd. សាងសង់ផ្លូវ បានប្រវែងសរុបប្រវែង ៧៦,១៧ គីឡូម៉ែត្រ និងបេតុងប្រវែង ៣,២៦ គីឡូម៉ែត្រ ក្នុងនោះ​ នៅខេត្តកំពង់ឆ្នាំង ប្រវែង ៣៦,៥៣ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ២៨,៥១ គីឡូម៉ែត្រ និងខេត្តកណ្ដាល ប្រវែង ១៤,៣៩ គីឡូម៉ែត្រ ជាមួយនឹងសំណង់លូមូល ចំនួន ១៤៩ កន្លែង លូប្រអប់ ចំនួន ៨ កន្លែង ប្រឡាយដោះទឹក អមសងខាងផ្លូវមានរៀបថ្ម និងគម្របបានប្រវែង ២៧០ ម៉ែត្រ ជីកប្រឡាយដី រំដោះទឹក អមសងខាងផ្លូវ ប្រវែង ១៦.៣៣៦ ម៉ែត្រ សាងសង់ លូបង្ហូរ មានមុខកាត់ ០,៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វផ្លូវ បានប្រវែង ២ .៨៤៥ ម៉ែត្រ បំពាក់និងដំឡើង ស្លាកសញ្ញាចរាចរណ៍ បានចំនួន ២៧៩​ កន្លែង  បង្គោល សុវត្ថិភាព បានចំនួន ៧២៧ បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍ លើទ្រូង ផ្លូវបានចំនួន ១៥ ខ្សែ។

កញ្ចប់ទី២ អនុវត្តដោយសម្ព័ន្ធក្រុមហ៊ុន Yunnan Construction and Investment Holding Group Co.,Ltd (YCIH)  សាងសង់ផ្លូវប្រវែង ៤០,៤៧ គីឡូម៉ែត្រ និងផ្លូវបេតុង ប្រវែង ០,១៥ គីឡូម៉ែត្រ នៅក្នុងខេត្តព្រៃវែង ប្រវែង ៩,៥០ គីឡូម៉ែត្រ នៅខេត្តស្វាយរៀង ប្រវែង ៨ គីឡូម៉ែត្រ និងនៅខេត្តត្បូងឃ្មុំ ប្រវែង ២៣,១២ គីឡូម៉ែត្រ ជាមួយនឹងស្ពានបេតុង មួយកន្លែង​ប្រវែង ២៥ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងមានសំណង់លូមូល ចំនួន ៧៧ កន្លែង និងលូប្រអប់​ចំនួន ៨ កន្លែង ប្រឡាយដោះទឹកអមសង ខាងផ្លូវមានរៀបថ្ម និងមានគម្របបានប្រវែង ៣.២៦៨ ម៉ែត្រ ប្រឡាយដី សម្រាប់រំដោះទឹក អមសងខាងផ្លូវ បានប្រវែង ១៨.៦៥០ ម៉ែត្រ លូបង្ហូរមានមុខកាត់ ០,៥ ម៉ែត្រ នៅចំណុចផ្លូវប្រសព្វ បានប្រវែង​ ១៨៤ ម៉ែត្រ បំពាក់និងដំឡើងផ្លាកសញ្ញា ចរាចរណ៍ បានចំនួន ១៥ កន្លែង បង្គោលសុវត្ថិភាពចំនួន ៩៧២ បង្គោល និងគូសគំនូសសញ្ញាចរាចរណ៍ លើទ្រូងផ្លូវបានចំនួន ៤ ខ្សែ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងដោយនាំមកនូវបណ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូន ប្រជាពល រដ្ឋ ដែលទទួលបានសមិទ្ធផលថ្មី នៅក្នុងខេត្តទាំង ៦ ខេត្ត ជាពិសេស បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ឆ្នាំង និងបានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន កងកម្លាំងគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សាផ្លូវនេះ ឲ្យបានល្អ ដោយចូលរួមទប់ស្កាត់ ការដឹកលើសទម្ងន់កម្រិតកំណត់​ដើម្បីធានាការប្រើប្រាស់ បានយូអង្វែង។

លោករដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយរបស់ រាជរដ្ឋាភិបាលលើវិស័យ អភិវឌ្ឍន៍ជនបទ គឺការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយលើក កម្រិតកម្ពស់ផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូ (DBST) និងផ្លូវបេតុង ដើម្បីធានាការប្រើប្រាស់ គ្រប់រដូវកាល សំដៅលើក​កម្ពស់ កម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ជាលំដាប់។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន  បានថ្លែងបញ្ជាក់ថាៈ ឆ្នាំ២០២៣ ខាងមុខនេះ ជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដូចនេះ សូមបងប្អូនអញ្ជើញ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោត និងបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿង ថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវ សុខសន្តិភាព និងការអភិវឌ្ឍ៕/V-PC