ដោយ: ភ្នំខៀវ / បាត់ដំបងៈ ក្រុមហ៊ុនបៃតងខេត្តបាត់ដំបង បានប្រកាសទទួល ទិញស្រូវពីកសិករ ក្នុងតម្លៃល្អជាងទីផ្សារ ក្រោយហាងឆេងផលស្រូវ ធ្លាក់ចុះ ចុងក្រោយ កំណត់ដោយឈ្មួញ។

លោកឧកញ៉ា ភូ ពុយ ប្រធានក្រុមហ៊ុនបៃតង រួមជាមួយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមកនេះ បានចុះអន្តរាគមន៍ ដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ ក្នុងភូមិសាស្ត្រ ឃុំខ្នាចរមាស និងឃុំអំពិលប្រាំដេីម ស្រុកបវេល ដោយបានប្រកាស ជាសាធារណៈថាៈ ដើម្បីធានាបាន ចំពោះការរក្សាតម្លៃស្រូវ ឲ្យមានតម្លៃល្អ ក្រុមហ៊ុនបៃតងរបស់លោក សម្រេចបើកទទួលទិញស្រូវ ពីបងប្អូនប្រជាកសិករ នៅក្នុងមូលដ្ឋានផ្ទាល់ របស់កសិករ ដូច្នេះកសិករទាំងអស់ លែងទទួលសម្ពាធ ការទម្លាក់ថ្លៃស្រូវ តាមតែមាត់ឈ្មួញ ដូចមុនទៀតហើយ។

ប្រធានក្រុមហ៊ុនបៃតង បានសំណូមពរឲ្យកសិករទាំងអស់ ចុះឈ្មោះចូលជា សមាជិកសមាគមផលស្រូវ ឲ្យបានគ្រប់ៗគ្នា ដើម្បីមានទីកន្លែងលក់ច្បាស់លាស់ និងធានាផលស្រូវ លក់បានតម្លៃ មួយល្អសមរម្យ និងប្រសើរជាងទីផ្សារ។ ចាប់ពីពេលនេះតទៅ បងប្អូនប្រជាកសិករ មានសិទ្ធិសម្រេចនូវជម្រើស ២ ក្នុងនោះ បើករណីឈ្មួញបន្ទាបតម្លៃ ចុះថោក សូមបងប្អូនកុំលក់ឲ្យ គឺទុកលក់ឲ្យ ក្រុមហ៊ុនបៃតងវិញ ប៉ុន្តែបើក្រុមឈ្មួញ ហ៊ានទទួលទិញ ក្នុងតម្លៃខ្ពស់ ជាងក្រុមហ៊ុន សូមបងប្អូនលក់ឲ្យឈ្មួញចុះ។

តម្លៃ​ផលស្រូវ​ដែលក្រុមហ៊ុនបង្កលក្ខណះអន្តរាគមន៍ ជួយទិញស្រូវពីកសិករ ចាប់ពីថ្ងៃប្រកាសទៅ ស្រូវផ្ការំដួល (សេីម) ទទួលទិញក្នុងតម្លៃ ៩.០០០ បាត ក្នុងមួយតោន ដែលស្មើនឹង ១.០៤៤.០០០ រៀល ខណ:ឈ្មួញហ៊ានទិញស្រូវ ដែលមានគុណភាពល្អ ត្រឹមតែ ៨,៣ ដល់ ៨,៥ បាត ប៉ុណ្ណោះ ក្នុងមួយ គីឡូក្រាម៕/V-PC