ដោយ៖ ដេប៉ូ / កោះកុង៖ ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍ នៅតំបន់ ការពារធម្មជាតិ ពាមក្រសោប ស្ថិតនៅក្នុងខេត្តកោះកុង បានចាប់ផ្តើមប្រមូលផល គ្រំចំពុំទា ឬក្រុមអ្នកស្រុក តែងហៅថា ខ្យងចំពុះទា បណ្តើរៗហើយ ដើម្បីចែករាយ លក់តាមទីផ្សារ ទាំងក្នុងស្រុក ក៏ដូចជាលក់ ទៅកាន់បរទេស។

គួរបញ្ជាក់ថា គ្រំចំពុះទា ជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រក សត្វព្រៃ ពាមក្រសោប ខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិ កើតចេញពីសុខដុមរមណីយកម្ម រវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេស ការអភិរក្សព្រៃកោងកាង នៅក្នុងតំបន់។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប បានប្រាប់ឱ្យដឹង ថាៈ នៅសហគមន៍របស់លោក អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង ១ រដូវ ហើយជាទូទៅ សហគមន៍ អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។

សម្រាប់ឆ្នាំនេះដែរ ដូចសព្វមួយដង គឺគ្រំចំពុះទា របស់ប្រជាសហគមន៍លោក បានហុចផលប្រហាក់ប្រហែល បណ្តាឆ្នាំមុនៗដែរ ហើយពេលនេះ ប្រជាសហគមន៍ កំពុងត្រៀមបញ្ចេញលក់ ទៅកាន់ទីផ្សារ ពិសេសប្រទេសថៃ និងវៀតណាម។ សម្រាប់ទីផ្សារប្រទេសថៃ គឺបានស្រូបទាញការលក់ខ្ពស់ជាងគេ ក្នុងនេះ អាចលក់បានប្រមាណ ៦៥-៧៥ ភាគរយ , វៀតណាម អាចលក់បាន ប្រមាណ ១៥ ភាគរយ និងការលក់ក្នុងស្រុក បានប្រមាណ ១៥ ភាគរយ។

ទោះបីយ៉ាងណា អនុប្រធានសហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប រូបនេះ បានលើកឡើង ឱ្យដឹងដែរថាៈ “ពេលនេះ គ្រំចំពុះទា បានចាប់ផ្តើមប្រមូល ផលហើយ ។ អ្នកទិញពីប្រទេសថៃ គេបានមកសួរនាំ រកទិញហើយ តែស្ងាត់បាត់ ទៅវិញ អត់ទាន់ឃើញមកម្តងទៀតទេ មកដល់ពេលនេះ។ សម្រាប់ក្នុងស្រុកវិញ យើងលក់បានរៀងរាល់ថ្ងៃ តែមិនច្រើនទេ ពោលគឺ ៣០ ទៅ ៥០ គីឡូក្រាម ក្នុងមួយថ្ងៃ តែយើងលក់បាន រៀងរាល់ថ្ងៃដែរ”។

គួរំលឹកថា នៅក្នុងខេត្តកោះកុង មានសហគមន៍ តំបន់ការពារធម្មជាតិ​ចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពល សម្រាប់ការអភិវឌ្ឍខ្សែច្រវាក់ តម្លៃគ្រំចំពុះទា ផងដែរ។

ជាមួយគ្នានេះ គ្រំចំពុះទា គេអាចកែច្នៃ ជាមុខអាហារច្រើនប្រភេទ តាមតម្រូវការ និងជាពិសេស ជាមុខម្ហូបសំខាន់ នៅតាមភោជនីយដ្ឋានធំ ​និងបើតាមសណ្ឋា គារវិញ គឺមានរហូតដល់លំដាប់ផ្កាយ ៥ ទៀតផង។ គ្រំសមុទ្រនេះ មានរសជាតិ ឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយអាចច្នៃធ្វើម្ហូបបានដូចជា ស្លរម្ជូរគ្រឿង ការី ឆាក្រៀម ញាំ ឆាក្តៅ ស្ងោរជ្រក់ ស្រុស និងជាពិសេសបំផុតនោះ គឺគេយកទៅ កែច្នៃជាម្ហូបបែបអឺរ៉ុប ដែលមានតម្លៃ ខ្ពស់ៗ ស្មានមិនដល់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានលើកទឹកចិត្ត ដល់សហគមន៍ បង្កើនការចិញ្ចឹម គ្រំចំពុះទា ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ កាន់តែល្អប្រសើរឡើង៕/V-PC