ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា បានអញ្ជើញចូលរួមជា អធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ កម្រិតមធ្យម ឆ្នាំ២០២២ នៅប្រជុំមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

លោកឧត្តមសេនីយ៍ទោ និន ភិរម្យ បានមានប្រសាសន៍ថាៈ សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងអាជ្ញាកណ្តាល ចៅក្រម មានកម្រិតខ្ពស់ ព្រមទំាងកាន់តែ ច្បាស់ ដោយសារសហព័ន្ធនេះ ខុសពីសហព័ន្ធដទៃទៀត ព្រោះអាជ្ញាកណ្តាល ចៅក្រម រៀនហើយ​អនុវត្តមានផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍តែម្តង ។ ចំណែក សហព័ន្ធ គេរៀនហើយ ទុកនៅពេលមានកម្មវិធីប្រកួត ទើបចាប់ផ្តើមអនុវត្តន៍។

លោកបានបន្តថាៈ យើងរៀនផង អនុវត្តផង យើងអាចដកស្រង់បទពិសោធន៍ ខ្លួនឯង តាមតាមស្ថានីយ៍ទូរទស្សន៍ នូវចំណុចល្អរបស់ខ្លួន ហើយយើងជា មន្ត្រីបច្ចេកទេស នៅមានចំណុចខ្វះខាត និងផ្តល់ពិន្ទុ មិនបានល្អ ក្នុងនោះ អាជ្ញាកណ្តាល ចៅក្រម ៥ នាក់ លទ្ធផលចេញមក ៤នាក់ទល់១នាក់ ដូច្នេះត្រូវ សិក្សាខ្លួនឯងវិញ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមការរៀបចំ ការប្រកួតកីឡាជាតិលើកទី៣ នាពេលខាងមុខ៕/V-PC