​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​នេះ​ថា ខ្លួន​នឹង​ដោះលែង​អ្នកទោស​៧០០​នាក់​ក្នុងនោះ​រួម​មាន​អតីត​ឯ​អគ្គរដ្ឋទូត​អង់គ្លេស​ម្នាក់ អ្នកកាសែត​ជប៉ុន​ម្នាក់​និង​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា អតីត​ប្រេសិត​អង់គ្លេស​លោកស្រី វិក​គី បូ​វ​មែន​(Vicky Bowman) ទីប្រឹក្សា​សេដ្ឋកិច្ច​ស៊ីន ធឺ​ណែ​ល​(Sean Turnell)​និង​អ្នកកាសែត​ជប៉ុន តូ​រុ គូ​បូ​តា​(Toru Kubota)​នឹង​ត្រូវ​ដោះលែង​ដើម្បី​ប្រារព្វ​ទិវា​បុណ្យជាតិ​។​

​បូ​វ​មែន បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អង់គ្លេស​ចាប់ពី​ឆ្នាំ​២០០២ ដល់ ២០០៦ និង​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ជាមួយ​ប្តី​សញ្ជា​តិមី​យ៉ាន់​ម៉ា ដោយសារ​ប្រកាស​អាស័យដ្ឋាន​ខុស​

​សូមបញ្ជាក់​ថា ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្លាក់​ចូល​ក្នុង​ភាពវឹកវរ​នយោបាយ​និង​អំពើហិង្សា​ប្រដាប់អាវុធ​ចាប់តាំងពី​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មួយ​កាលពី​ឆ្នាំមុន និង​ចាប់​​ជន​ប្រឆាំង​រាប់ពាន់​នាក់​ដាក់​គុក​។​

​ស៊ីន ធឺ​ណែ​ល បាន​បំរើការ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​មេដឹកនាំ​ស៊ីវិល អ៊ុង សាន ស៊ូ​ជី ពេល​លោក​ត្រូវបាន​ចាប់ខ្លួន​ភ្លាម​ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​។​លោក​និង​លោកស្រី​ស៊ូ​ជី ត្រូវបាន​ផ្តន្ទា​​ទោស​អោយ​ជាប់គុក​ម្នាក់ៗ​បី​ឆ្នាំ​កាលពី​ខែ​កញ្ញា ចំពោះ​ការរំលោភ​ការសម្ងាត់​រដ្ឋ​។​

​ចំណែក​អ្នកកាសែត​ជប៉ុន តូ​រុ គូ​បូ​តា អាយុ​២៦​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​កក្កដា​ក្បែរ​ហ្វូង​បាតុកម្ម​ធំ​មួយ​នៅ​ទីក្រុង​យ៉ាងហ្គោន​ហើយ​ត្រូវបាន​តុលាការ​កាត់ទោ​សអោយ​ជាប់គុក​ដប់ឆ្នាំ​។​

​អ្នកវិភាគ​ឯករាជ្យ​ដា​វីដ ម៉ា​ធី​សុន​(David Mathieson)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​ការដោះលែង​លោក​ស៊ីន ធឺ​ណែ​ល​ជា​ដំណឹង​សំខាន់​គួរអោយកត់សំគាល់​មួយ ក្រោយ​លោក​ត្រូវ​ចាប់​​ជា​ចំណាប់ខ្មាំង​ដោយ​របប​នេះ ហើយ​មិត្ត​ភ័ក្តិ​និង​ក្រុមគ្រួសារ​លោក​នឹង​រីករាយ​។​តែ​របប​យោធា​មិន​បង្ហាញ​សញ្ញា​កែ​ទំរង់ រីឯ​ការដោះលែង​មនុស្ស​ច្រើនៗ​នេះ​ក៏​មិន​បាន​ដោះស្រាយ​ភាព​សាហាវ​ព្រៃផ្សៃ​របស់​​ក្រុម​នេះ​ចាប់តាំងពី​ខ្លួន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​មួយ​»​។​

​មន្ត្រី​របប​យោធា​មី​យ៉ាន់​ម៉ា ក៏​បាន​និយាយថា អតីតរដ្ឋមន្ត្រី​បីនាក់​នៃ​រដ្ឋាភិបាល​មុន​និង​ជនជាតិ​អាម៉េរិក​ដើមកំណើត​មី​យ៉ាន់​ម៉ា​លោក ក្យ​រ តៃ អ៊ូ​(Kyaw Htay Oo)​ក៏​នឹង​ត្រូវ​ដោះលែង​។​

​យោង​តាម​ក្រុម​តាមដាន​សភាពការណ៍​មី​យ៉ាន់​ម៉ា​មួយ ការបង្ក្រាប​នៅក្រោយ​រដ្ឋប្រហារ​បានសម្លាប់​មនុស្ស​ជាង​២.៣០០​នាក់ និង​អាជ្ញាធរ​បាន​បន្ទោស​ការ​វាយប្រហារ​របស់​យុទ្ធជន​ប្រឆាំង​រដ្ឋប្រហារ​ចំ​​ពោះ​ការស្លាប់​ជន​ស៊ីវិល​ជាង​៣.៩០០​នាក់​៕