​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​មេដឹកនាំ​តំបន់​ប៉ាស៊ីហ្វិក​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​នេះ​សម្រាប់​កិច្ចប្រជុំ​កំពូល​ស្តីពី​ការស្តារ​ឡើង​វិញ​ពី​ជំងឺ​រា​ត​​ត្បាត​និង​ភាពចលាចល​សេដ្ឋកិច្ចពិភព​លោក​ដែល​បាន​កើតឡើង​ដោយសារ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ានុយ​អែល ម៉ា​ក្រុង និង​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ (Mohammed bin Salman) នៃ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​នឹងចូលរួ​ម​ជា​មួយ​មេដឹកនាំ​មក​ពី​​សមាជិក​ទាំង ២១ នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC)​សម្រាប់​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​នេះ​។​

​ការប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស G20 នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​ភាព​ក្រឡាប់​ចាក់​ដោយ​ការភ័យខ្លាច​ថា​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​ប៉ូឡូញ​បង្ហាញ​ពី​ការ​កើន​​ឡើង​ដ៏​គ្រោះថ្នាក់​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​មេដឹកនាំ​លោក​ខាងលិច​បាន​សម្រន់​ការភ័យខ្លាច​ដោយ​និយាយ​ថា ការផ្ទុះ​នោះ​គឺ​ប្រហែលជា​ឧបទ្ទវហេតុ ដោយ​ទាំង​ប៉ូឡូញ​និង​ណា​តូ​និយាយ​ថា​ការផ្ទុះ​ទំនង​ជា​បណ្តាលមកពី​កាំជ្រួច​ការពារ​​ដែនអាកាស​របស់​អ៊ុយ​ក្រែន​ដែល​បាញ់​ដើម្បី​ស្ទាក់ចាប់​គ្រាប់​របស់​រុស្ស៊ី​។​

​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន បាន​ធ្វើ​កិច្ចចរចា​ជា​បន្ទាន់​ជាមួយ G7 និង​សម្ពន្ធមិត្ត​ណា​តូ​នៅ​ខាងក្រៅ​កិច្ចប្រជុំ G20 កាលពី​ថ្ងៃ​ពុធ មុន​ពេល​និយាយថា​មី​ស៊ី​ល​នេះ​ទំនង​មិន​ត្រូវបាន​​បាញ់​ចេញពី​រុស្ស៊ី​នោះទេ​។​

​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង នឹង​មក​ដល់​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​លោកបៃ​ដិន​នៅ​កោះ​បាលី​។​

​គូប្រជែង​មហាអំណាច​ទាំងពីរ​បាន​ព្យាយាម​ដក​ភ្លើង​កម្តៅ​ចេញពី​ការ​ប្រជែង​គ្នា​របស់​ពួកគេ ដែល​កាន់តែ​មាន​សភាព​ខ្លាំងក្លា​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែ​មាន​អំណាច និង​អះអាង​កាន់តែ​ខ្លាំង​ឡើង​អំពី​ការជំនួស​សណ្តាប់ធ្នាប់​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ដែល​បាន​ដាក់ចេញ​ដោយ​ជោគជ័យ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​

​ពួកគេ​បាន​ងើប​ចេញ​ពី​កិច្ច​ពិភាក្សា​រយៈពេល​បី​ម៉ោង​កាលពី​ថ្ងៃ​ចន្ទ ដោយ​ប្រកាស​ថា មិន​ចាំបាច់​មាន​សង្គ្រាម​ត្រជាក់​ថ្មី​ទេ ដោយ​និយាយ​អំពី​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុង​ការទប់ស្កាត់​ភាព​តានតឹង​កុំឱ្យ​រីក​រាលដាល​ទៅ​ជា​ជម្លោះ​៕

​លោក​ម៉ា​ក្រុង​មក​ដល់​ទីក្រុង​បាងកក​កាលពី​យប់​ថ្ងៃ​ពុធ​សម្រាប់​កិច្ចប្រជុំ APEC