​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រូបភាព​បានបង្ហាញ​ការវាយប្រហារ​សង្ស័យ​ចេញពី​ដ្រូ​ន​យោធា​អ៊ុយ​ក្រែន​លើ​ឃ្លាំង​ស្តុក​ប្រេង​របស់​រុស្ស៊ី​ស្ថិតនៅ​ចម្ងាយ​តែ ៣០៥ គីឡូម៉ែត្រ​ពី​ក្រុង​មូ​ស្គូ​។​

​អភិបាល​តំបន់ លោក អង់​ដ្រេ គ្លី​ច​កូវ (Andrey Klychkov) បាន​និយាយថា ការវាយប្រហារ​នៅ​ម៉ោង ៤ ព្រឹក ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា “​បាន​បំផ្ទុះ​ឃ្លាំង​ស្តុក​ប្រេង​មួយ​នៅក្នុង​តំបន់​ទី​លំនៅ ស្តា​ល់ណ​យ កុន (Stalnoi Kon)​។​រូបភាព​មិនទាន់បាន​ផ្ទៀងផ្ទាត់​មួយ​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ពីអ្វី​ដែល​ទំនង​ជា​ការ​ប្រេះ​បែក​មួយ​នៅ​ចំហៀង​ស៊ីទែន​ផ្ទុក​ប្រេង ដែល​មាន​សភាព​ខ្មៅ​ដោយសារ​ផ្សែង​។​

​ស្លាក​សញ្ញា​របស់​ប្រតិបត្តិ​ករ​បំពង់​បង្ហូរ​ប្រេង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​រុស្ស៊ី Transneft អាច​មើលឃើញ​នៅលើ​ស៊ីទែន ដែល​ទូរទស្សន៍​រដ្ឋ​និយាយថា​ជា​ស៊ីទែន​ទទេ​។ ​យោងតាម​របាយការណ៍​មួយ​បាន​ឱ្យដឹងថា ការវាយប្រហារ​ដោយ​ដ្រូ​ន​នេះ​បាន​បន្សល់ទុក​នូវ​រណ្ដៅ​ជម្រៅ​ប្រហែល ៣,៦៥ ម៉ែត្រ​។​

​ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការវាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​ឬ​គ្រាប់​យុទ្ធភ័ណ្ឌ​ជាច្រើន​នៅ​ភាគខាងត្បូង​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​វាយប្រហា​រដោយ​ដ្រូ​ន​ឬ​ឧទ្ធម្ភាគចក្រ​ដោយ​​អាជ្ញាធរ​បាន​បន្ទោស​លើ​កងកម្លាំង​អ៊ុ​យក្រែន​។​

​ការវាយប្រហារ​ចុងក្រោយ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ជិត ១០០ គ្រាប់​ទៅលើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុ​យក្រែន ដែល​បណ្តាលឱ្យ​មនុស្ស​បី​នាក់​ស្លាប់​និង​កាត់ផ្តាច់​ការផ្គត់ផ្គង់​​ថាមពល​ដល់​មនុស្ស​រាប់លាននាក់​៕

ស្លាក​សញ្ញា​របស់​ប្រតិបត្តិ​ករ​បំពង់​បង្ហូរ​ប្រេង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​រុស្ស៊ី Transneft អាច​មើលឃើញ​នៅលើ​ស៊ីទែន​