ដោយៈ សុផល / ភ្នំពេញ៖ កិច្ចសន្ទនាគោលនយោបាយ ប្រចាំឆ្នាំ២០២២ ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ បានប្រារព្ធធ្វើឡើង រវាងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (កយកា-KOICA) និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក-CRDB/CDC) នៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២២។

កិច្ចសន្ទនាគោលនយោបាយនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចំាប្រទេសកម្ពុជា និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក-CRDB/CDC)។

គោលបំណងសំខាន់ នៃកិច្ចសន្ទនាគោលនយោបាយនេះគឺ ដើម្បីពិភាក្សា អំពីសកម្មភាព របស់ កយកា-KOICA នៅកម្ពុជា ដូចជាគម្រោង ដែលកំពុងដំណើរការគម្រោងថ្មី សម្រាប់ឆ្នាំ២០២៣ និង ២០២៤ កម្មវិធីវគ្គបណ្តុះបណ្តាល សម្រាប់ឆ្នាំ២០២២ និង ២០២៣ និងការពិភាក្សា អំពីការរៀបចំគម្រោងថ្មី សម្រាប់ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោក ឈៀង យ៉ាណារ៉ា បានឲ្យតម្លៃខ្ពស់ នូវរាល់សមិទ្ធផល ដែល កយកា-KOICA សម្រេចបានសម្រាប់ប្រទេសកម្ពុជា។ លោកក៏បានថ្លែងអំណរគុណ ចំពោះ កយកា-KOICA និងរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម របស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើន នៅកម្ពុជា។

ចំណែកប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) លោក នោ ហ្យន់ជូន (Rho Hyunjun) បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹង ប្រែង និងសមិទ្ធផល ប្រកបដោយផ្លែផ្កា ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានធ្វើឡើង កាលពីខែវិច្ឆិកា សប្តាហ៍មុន នៅប្រទេសកម្ពុជា។

លោក នោ ក៏បានសង្កត់ធ្ងន់ ទៅលើជំហានបន្ទាប់ នៃការធ្វើការជាមួយ គ.ជ.នា/ក.អ.ក-CRDB/CDC និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍គម្រោងថ្មី ដែលអាចធ្វើទៅបាន សម្រាប់ឆ្នាំ២០២៥។

កយកា-KOICA បាននឹងកំពុងជួយ ដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើវិស័យស្នូល ចំនួនបួន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឃន៍ ផ្លូវការ (ODA) ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦,៧ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២២៕/V-PC