ដោយៈ សុផល / ភ្នំពេញ៖ អង្គការស្វីសខន់ថាក់ (Swisscontact) បានគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោង អប់រំបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់គ្រូបង្គោល និងអ្នកបម្រើការ ក្នុងវិស័យទេសចរណ៍ នៅតាមខេត្ត ចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលមានរយៈពេល ៤ ឆ្នាំ (២០២១-២០២៤)។

ការគាំទ្រនេះ ធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយមានអនុស្សរណៈ នៃការយោគយល់គ្នា រវាងអង្គការស្វីសខន់ថាក់ ជាមួយ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការ គ្រប់គ្រងគម្រោង ហូកា (HoKa) ជាសេនាធិការដ៏សំខាន់។ ពិធីចុះហត្ថលេខាផ្លូវការ លើអនុស្សរណៈនេះដែរ គឺបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan នាយកប្រចាំប្រទេសរបស់ អង្គការស្វីសខន់ថាក់។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ កម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយរាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវច្រកសិក្សាជំនាញវិជ្ជាជីវៈ ដល់យុវជន/យុវនារី និងអ្នកជំនាញកម្រិតទាប ក្នុងខេត្តគោលដៅ ខាងលើ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូល ស្របតាមផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយឡើងវិញ នូវវិស័យទេសចរណ៍ អំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជា ចូលរួម​ពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ ក្រសួងទេសចរណ៍ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយបង្កើតបានមូលធនមនុស្ស សម្រាប់និរន្តរភាព ការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈ​ទេសចរណ៍។

លោក ប៉ាក់ សុខុម បានបន្តថាៈ រយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៤ គម្រោង នឹងផ្ដល់ការបណ្ដុះបណ្ដាល គ្រូបង្គោល ក្នុងវិស័យទេសចរណ៍ ឱ្យបាន ១៥០ នាក់ និងអ្នកបម្រើការ ដែលមានជំនាញតិចតួច ឱ្យបានដល់ ៧៨០ នាក់ នៅទូទាំងខេត្ត ទាំង ៥ ខាងលើនេះ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខា ធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់បន្ថែមថាៈ ការណ៍ដែល គម្រោងបណ្ដុះបណ្ដាល ខាងលើ សម្រេចជ្រើសរើស យកខេត្តទាំង ៥ នេះ គឺដោយសារ មានចំណុចសំខាន់ ៣ ៖
* ទី១. ដោយសារកាលពីអំលុងវិបត្តិជំងឺកូវីដ១៩ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ភាគច្រើន ត្រូវបានផ្អាកការងារ ពួកគេមួយចំនួន ក៏បានធ្វើចំណាកស្រុ​ទៅធ្វើ​ការនៅក្រៅប្រទេស ពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។ នៅពេលវិស័យទេសចរណ៍ មានការងើប ឡើងវិញ ក៏មានអាជីវកម្មខ្លះ ត្រូវបានបើកដំណើរការ​ និងមានការងារធ្វើឡើងវិញ ដូច្នេះគឺត្រូវការអ្នកជំនាញ មកជួយបម្រើការងារឡើងវិញដែរ ប៉ុន្តែពួកគេមួយចំនួនធំ ហាក់បាត់បង់ជំនាញ ក្នុងវិស័យទេសចរណ៍ អស់ច្រើន​ទៅហើយ។ ចំណុចនេះហើយ ដែលជាមូលហេតុមួយ ក្នុងការផ្ដល់ការបណ្ដុះបណ្ដាល ដល់ពួកគេ ដើម្បីឱ្យពួកគេមាន ជំនាញល្អប្រសើរឡើងវិញ។

* ទី២. បន្ទាប់ពីមានការងើបឡើងវិញនូវវិស័យទេសចរណ៍នេះដែរ គេឃើញមានការ បើកអាជីវកម្មឡើងវិញ និងអាជីវកម្មថ្មីៗ ក៏មានការកើនឡើង គួរឱ្យកត់សម្គាល់ដែរ ក្នុងនោះ និន្នាការនៃការដើរទស្សនា របស់ភ្ញៀវទេសចរ គឺមានច្រើនទៅកាន់គោលដៅខេត្ត ជុំវិញបឹងទន្លេសាប ពិសេសខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ ជាដើម ដូច្នេះ​ចាំបាច់ណាស់ ត្រូវការបង្កើនអ្នកបម្រើការ ក្នុងវិស័យទេសចរណ៍ ដែលមានជំនាញល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការ របស់ភ្ញៀវទេសចរ ដែលកំពុងមានការកើនឡើងដែរ​នោះ។

* ទី៣. ពីមុនមក គម្រោងបណ្ដុះបណ្ដាលរបស់ អង្គការស្វីសខន់ថាក់ (Swisscontact) ក៏មិនសូវអនុវត្ត នៅតាមខេត្តទាំងនោះដែរ ភាគច្រើន មានតែនៅតំបន់ភាគ​ឦសាន ដូច្នេះអង្គការស្វីសខន់ថាក់ គឺចង់បន្ថែមការបណ្ដុះបណ្ដាល នៅបណ្ដាខេត្ត ជុំវិញបឹងទន្លេសាប និងតំបន់ភាគពាយព្យ ថែមទៀត។

គួរជម្រាបថា ក្នុងពិធីខាងលើ ក៏មានបញ្ជូលកម្មវិធីចុះហត្ថលេខាត្រីភាគី លើកិច្ចព្រមព្រៀង អនុវត្ត កម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) រវាងគណៈ​កម្មការគ្រប់គ្រង គម្រោង ហូកា នៃក្រសួងទេសចរណ៍ អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្ត គោលដៅទាំង ៥ ដោយបានយកចិត្តទុកដាក់ រៀបចំនូវផែនការ​សកម្មភាព និងថិវកា រយៈពេល ៣ ឆ្នាំ (២០២១-២០២៤) ដើម្បីជំរុញការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច លើជំនាញអាទិភាពរបស់ខេត្ត រួមមាន ជំនាញការិយាល័យជួរ​មុខ គេហកិច្ច សេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ ជំនាញឆុងកាហ្វេ និងមគ្គុទ្ទេសសហគមន៍ផងដែរ។

សូមរំលឹកថា កម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ​​ដែលទទួលបានការគាំទ្រថវិកា ពីទីភ្នាក់ងារ​​ស្វីស សម្រាប់ ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយ អង្គការស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប​គ្រង ​គម្រោងហូកា ដើម្បីធ្វើការ បណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច ដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្ត​ចំនួន៥​ នៅភូមិភាគឦសាន និងតាមរយៈ ពីធីចុះហត្ថលេខានេះ គម្រោងនឹងពង្រីកវិសាលភាព ការបណ្តុះបណ្តាល ដល់ខេត្តចំនួន៥ ទៀត នៅជុំវិញបឹងទន្លេសាប។

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រង គម្រោងហូកា បានបណ្តុះបណ្តាល អ្នកជំនាញទេសចរណ៍ សរុបចំនួន ១,១២៣ នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការ យ៉ាងជិតស្និទ្ធ ជាមួយអង្គការស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្ត គោលដៅគម្រោង និងបានពង្រីកទំនាក់ទំនង ជាមួយដៃគូរចម្បងៗ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO ជាដើម៕/V-PC