ដោយៈ មុនីរ័ត្ន / ភ្នំពេរញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធ មហាប្រល័យ (គ.ស.ហ) បានបញ្ជាក់ថាៈ ការដកកម្ពុជាចេញពី បញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារ ការចុះធ្វើអធិការកិច្ចនេះ គឺជាវិញ្ញាសាថ្មីផង និងស្មុគស្មាញផង សម្រាប់កម្ពុជា ដូច្នេះហើយ ទើបមានការចាំបាច់ ក្នុងការជួបជុំគ្នា នៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិត បច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀម លក្ខណៈ បានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយ ដ៏មានសារៈសំខាន់នេះ។

ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួល ថ្នាក់ជាតិប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ (គ.ស.ហ.) កាលពីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាៈ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃអំពីលទ្ធផល នៃសេចក្ដីសម្រេចរបស់ មហាសន្និបាត ក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force) លើរបាយការណ៍វឌ្ឍនភាព ជុំទី១០ របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះមក ពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជា ចេញពីបញ្ជីប្រផេះរបស់ ក្រុមការងារហិរញ្ញវត្ថុ នាពេលខាងមុខ។

សម្ដេច រម្លឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីក្រុមការងារ ហិរញ្ញវត្ថុ FATF បានសម្រេចលើរបាយការណ៍ជុំទី៩ របស់កម្ពុជា នាពេលកន្លងមក គ្រប់យន្តការពាក់ព័ន្ធទាំងអស់នៅកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារ ដែលនៅសេសសល់ បានកាន់តែល្អ ទោះបីជាក្នុង រយៈពេលប៉ុន្មាន ខែចុងក្រោយនេះ មានការមមារញឹកខ្លាំង លើការបោះឆ្នោត និងការងារ ដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងការចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់។

ផ្អែកតាមរបាយការណ៍បឋម ពីធនាគារជាតិនៃកម្ពុជា និងពីលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្ដេចបានមានប្រសាសាសន៍ថាៈ កម្ពុជាបានរៀបចំរបាយការណ៍ ជុំទី១០ និងបានដាក់ ជូនក្រុមការងារហិរញ្ញវត្ថុ FATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នោះ បានរំលេចឱ្យឃើញ នូវវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាព ក្នុងរបាយការណ៍ ជុំទី៩ ហើយដែលមហាសន្និបាត FATF កាលពីខែតុលា ឆ្នាំ២០២២ថា កម្ពុជាបានអនុវត្ត ពេញលេញ នូវផែនការសកម្មភាពទាំងអស់ ដែលនៅសេសសល់ និងបានសម្រេចឱ្យមាន ការចុះពិនិត្យផ្ទាល់ នៅក្នុងខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានបន្តថាៈ «ការសម្រេចរបស់ក្រុមការងារ ហិរញ្ញវត្ថុ FATF ឱ្យមានការចុះពិនិត្យផ្ទាល់ ខាងមុខនេះ ជាឱកាសមាសដ៏កម្រ សម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញ ពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោយនៃបេសកកម្ម របស់យើង ទាំងអស់គ្នា»។

សម្ដេច បានបន្តថាៈ ការចុះពីនិត្យនេះ គឺជាដំណាក់កាលចុងក្រោយ នៅក្នុងក្របខណ្ឌ នៃនីតិវិធីរបស់ FATF មុននឹងសម្រេចដកកម្ពុជា ចេញពីបញ្ជីប្រផេះ។

សម្ដេច បានបន្ថែមថាៈ ដោយសារការដកកម្ពុជា ចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏ មានសារៈសំខាន់ និងជាអាយុជីវិត របស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការចុះធ្វើអធិការកិច្ចនេះ គឺជាវិញ្ញាសាថ្មីផង និងស្មុគស្មាញផង សម្រាប់កម្ពុជា ដូច្នេះហើយ ទើបមានការចាំបាច់ ក្នុងការជួបជុំគ្នា នៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈ បានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយ ដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាម គណៈកម្មាធិការសម្រប សម្រួល ថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ សម្ដេចក្រឡាហោម ស ខេង បានសម្ដែង ការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់ គណៈកម្មាធិការទាំងអស់ ដែលបានបំពេញការងារ យ៉ាងសកម្ម រហូតសម្រេចបានលទ្ធផល ជាវិជ្ជមានបន្តបន្ទាប់៕/V-PC