ដោយៈ​ មុនីរ័ត្ន / ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាៈ​ ” វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលមិនអាចប្រកែកបាន ក្នុងការជំរុញការអភិវឌ្ឍ ហើយតាមរយៈការសិក្សា យើងបានដឹងថា បណ្ដាប្រទេសមួយចំនួន ដែលធ្លាប់បានរងការបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធ ស្ទើតែទាំងស្រុង ក៏ប៉ុន្តែគេអាចពង្រឹង ខ្លួនឯង និងធ្វើការអភិវឌ្ឍឡើងវិញ បានយ៉ាងឆាប់រហ័ស ជាក់ស្តែងដូចជា ប្រទេសជប៉ុន ជាដើម ។ នោះគឺផ្ដើមចេញពីការយកចិត្តទុកដាក់អភិវឌ្ឍវិស័យអប់រំ ជាចម្បងនេះឯង”។

លោក ស សុខា បានបញ្ជាក់បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារសិក្សា ខ្លោងទ្វារ ដងទង់ជាតិ និងចែកកង់ ព្រមទាំងសម្ភារៈសិក្សា ជូនដល់សិស្សក្រីក្រ ចំនួន ២៥០ នាក់ ក្នុងសាលាបឋមសិក្សាបញ្ញា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ក្នុងស្រុកសង្កែ​ ខេត្តបាត់ដំបង​ នៅព្រឹកថ្ងៃទី១៧​ ​ខែវិច្ឆិកា​ ឆ្នាំ២០២២។

លោក ស សុខា បានបន្តទៀតថាៈ “ចំណែកកម្ពុជារបស់យើងវិញ ក៏បាននិងកំពុងតែ យកចិត្តទុកដាក់ទៅលើ ការពង្រឹងវិស័យអប់រំ ដោយបានចាត់ទុក ការអប់រំ ជាគន្លឹះ និងជាកូន សោដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍ។ ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាក្រសួងសាមី និងភាគីពាក់ព័ន្ធដទៃទៀត ក្រោមការគូសវាស និងចង្អុលបង្ហាញ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដាក់ចេញ នូវផែនការនានា សំដៅធ្វើយ៉ាង ណា ដើម្បីពង្រឹងគុណភាព និងធ្វើទំនើបកម្ម វិស័យអប់រំ ឱ្យបានកាន់តែប្រសើរ ដូចបណ្ដាប្រទេសនានា ទាំងនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក។ ក្នុងន័យនេះដែរ ក្រសួងអប់រំ បាននិងកំពុងយកចិត្តទុកដាក់បណ្តុះបណ្តាល ក៏ដូចជា ពង្រឹងសមត្ថភាព បុគ្គលិកអប់រំ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ នៅគ្រប់ភូមិសិក្សា ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល”។

លោក ស សុខា បានបញ្ជាក់ទៀតថាៈ ធនធានមនុស្ស គ្រប់ផ្នែកគ្រប់ជំនាញ សុទ្ធតែប្រសូត ចេញពីវិស័យអប់រំទាំងអស់។ គ្រូពេទ្យ មន្ត្រីរាជការស៊ីវិល មន្ត្រីនយោបាយ នគរបាល ទាហាន បុគ្គលិកឯកជន ។ល។ និង។ល។ គឺសុទ្ធតែជាគ្រាប់ពូជ ដែលត្រូវបានសាបព្រោះ និងបណ្ដុះដាំ ថែទាំស្រោចទឹក ដាក់ជី ដោយដៃរបស់លោកគ្រូ អ្នកគ្រូ នៅតាមបណ្ដា សាលារៀននានា។

លោកបានគូសបញ្ជាក់ផងដែរថាៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ អាទិភាពកំណែទម្រង់ ដំណាក់កាលទី១ ដែលមាន ៨ ចំណុច រួមមាន៖ ទី១. ការពង្រឹង គុណភាពអប់រំ , ទី២. ការពង្រឹងការគ្រប់គ្រងបុគ្គលិក , ទី៣. ការពង្រឹងការប្រឡងគ្រប់ប្រភេទ , ទី៤. កំណែទម្រង់ឧត្តមសិក្សា , ទី៥. ការអភិវឌ្ឍសម្រាប់យុវជន នូវជំនាញបច្ចេកទេស និងជំនាញទន់ , ទី៦. កំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ , ទី៧. កំណែទម្រង់ ការអប់រំកាយនិងកីឡា និងទី៨. ការបង្កើតអង្គភាពស្រាវជ្រាវ គោលនយោបាយវិស័យអប់រំ។

លោក ស សុខា ក៏បានលើកឡើងដែរថាៈ នៅក្នុងឆ្នាំ២០១៥ ក្រសួងអប់រំ ក៏បានដាក់ចេញ នូវវិធានការកំណែទម្រង់ វិស័យអប់រំ ដំណាក់កាលទី២ គឺកំណែទម្រង់សាលារៀន ដោយក្រសួង បានសាកល្បង បង្កើតសាលារៀនជំនាន់ថ្មី ដែលមានស្វ័យភាព ក្នុងការអនុវត្ត នៅកម្មវិធីសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានបំណិនសតវត្សរ៍ទី២១ មានស្តង់ដាវិជ្ជាជីវៈខ្ពស់ មានគណនេយ្យភាព នវានុវត្តន៍ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅក្នុងការរៀន និងបង្រៀន ប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី ការបំពាក់ឧបករណ៍ សម្ភារ សម្រាប់បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ ការផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម) ការបង្កើតក្លិបសិក្សា ការបង្រៀនសរសេរកូដកុំព្យូទ័រ និងមនុស្សយន្ត ការបង្រៀនបំណិនជីវិត និងការផ្តល់ប្រឹក្សា លើមុខជំនាញ ជាដើម។

លោក ស សុខា ក៏បានរំលេចប្រសាសន៍របស់ សម្តេចតេជោ ដែលលើកឡើងថាៈ សាលារៀន គឺជាទីកន្លែងបណ្តុះបណ្តាល ធនធានមនុស្ស បើគ្មានធនធានមនុស្សទេ ប្រទេសជាតិមួយ មិនអាចអភិវឌ្ឍន៍ឱ្យជឿនលឿនបានទេ ។ ប្រសិនបើយើងមិនធ្វើការវិនិយោគ ទៅលើវិស័យ អប់រំទេ នោះយើងមិនអាចមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីដើរឱ្យទាន់សម័យកាលបាន ទេ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានថ្លែង ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ជាប់និទ្ទេស A នាពេលកន្លងមក។

លោក ស សុខា មានជំនឿយ៉ាងមុតមាំថាៈ អគារសិក្សា ដែលត្រូវបានដាក់សម្ពោធឲ្យប្រើ ប្រាស់ នៅថ្ងៃនេះ ពិតជាបានចូលរួមចំណែក ឆ្លើយតបទៅនឹងគោលនយោបាយ លើកកម្ពស់ វិស័យអប់រំ របស់រាជរដ្ឋាភិបាល ក្នុងការពង្រាយ និងបង្ខិតសាលារៀន ឲ្យកាន់តែជិត ប្រជាពលរដ្ឋ ។ យ៉ាងណាក៏ដោយ បើមានតែសាលារៀន នៅមិនទាន់គ្រប់គ្រាន់នៅឡើយ គឺទាមទារនូវការយកចិត្តទុកដាក់ ពីសំណាក់បុគ្គលិកអប់រំ ជាពិសេសលោកគ្រូ អ្នកគ្រូ នៅគ្រប់កម្រិតសិក្សាបន្ថែមទៀត ព្រោះថា គ្រូបង្រៀនដើរតួនាទី យ៉ាងសំខាន់ ក្នុងនាមជាអ្នកណែនាំផង ជាម្តាយឪពុកផង និងជាអ្នកគ្រប់គ្រងផង ។ ការណ៍នេះមានន័យថា អាជីព គ្រូបង្រៀន មានទំនួលខុសត្រូវ ច្រើនជាងអាជីពផ្សេងទៀត។

លោកក៏បានអំពាវនាវផងដែរ ដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវចងចាំថា ការសិក្សា រៀនសូត្រ តែងលំបាក ប៉ុន្តែសម្រាប់គ្រូ ជាអ្នកបង្រៀនវិញ គឺរឹងរឹតតែលំបាកជាងនេះ ទ្វេដងទៅទៀត។ ដូច្នេះក្មួយៗ ត្រូវតែប្រឹងប្រែងសិក្សា ត្រូវធ្វើខ្លួនជាកុមារមេត្រីទាំងបីគឺ កូនល្អ សិស្សល្អ និងប្រជាពលរដ្ឋល្អ សម្រាប់ប្រទេសជាតិ៕/V-PC