ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំប្រជុំណែនាំ ដល់ម្ចាស់អាជីវកម្ម ទិញ-លក់អេតចាយគ្រប់ប្រភេទ ដែលមានទីតាំងនៅក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ
លោកបានជំរុញឱ្យម្ចាស់អាជីវកម្ម ទិញ-លក់អេតចាយ គ្រប់ប្រភេទ ទាំងនោះ ចូលរួមអនុវត្តនូវភារកិច្ច ដូចខាងក្រោម៖
១-ទីតាំងប្រកបអាជីវកម្មរបស់បងប្អូន ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ មិនត្រូវស្តុកសម្ភាររបស់ខ្លួន លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ជាដាច់ខាត។
២-សូមបងប្អូនដែលជាម្ចាស់អាជីវកម្ម កុំធ្វើអ្វីប៉ះពាល់ ដល់អ្នកជិតខាង រំខាន ដល់ការរស់នៅរបស់អ្នកជិតខាង ដូចជាការបង្កសំឡេងឮខ្លាំងៗ ឬការបង្កក្លិន ស្អុយ ។ល។
៣- ម្ចាស់អាជីវកម្ម មិនត្រូវទិញគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ប៉ុន្តែត្រូវរាយការណ៍ មកអាជ្ញាធរមូលដ្ឋាន ដើម្បីប្រគល់ជូន អង្គការសុីម៉ាក់។
៤-រាល់ការដឹកជញ្ជូន មិនត្រូវដឹកសំពីងសំពោងឡើយ ។ ចំពោះអ្នកបើកបរ ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ បើកបរដោយមានសីលធម៌ ។
៥-ម្ចាស់អាជីវកម្ម ត្រូវអប់រំណែនាំ បុគ្គលិក និងកម្មកររបស់ខ្លួន មិនឲ្យមានជាប់ ពាក់ព័ន្ធជាមួយគ្រឿងញៀន ជាដាច់ខាត ។
៦-ម្ចាស់អាជីវកម្ម ត្រូវអប់រំណែនាំបុគ្គលិក និងកម្មកររបស់ខ្លួន​មិនឲ្យប្រព្រឹត្ត ល្បែងសុីសង គ្រប់ប្រភេទ។
៧-ចំពោះមូលដ្ឋានអាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាត ត្រូវស្នើសុំលិខិត អនុញ្ញាតប្រកបអាជីវកម្ម ឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន។

រដ្ឋបាលខណ្ឌ ទុករយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃប្រជុំណែនាំនេះតទៅ ដើម្បីឲ្យ បងប្អូន ម្ចាស់អាជីវកម្ម ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ប្រកបអាជីវកម្ម៕/V-PC