ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ លោក សុខ សាន្តដារ៉ា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតី ក្នុងពិធីបើក វគ្គបណ្តុះបណ្តាល ស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅអាគារ សាខាកាកបាទក្រហមកម្ពុជាខេត្ត។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា លោក លោកស្រី អភិបាល អភិបាលរង​ក្រុង-ស្រុក តំណាងមូលនិធិជាតិជំនួយសង្គម ប្រធានប្រតិបត្តិកម្មវិធី មេឃុំ ចៅសង្កាត់ និងមន្រ្តីកម្មវិធីឃុំ-សង្កាត់ សរុប ១២០ នាក់។

លោក រស់ ស៊ីផា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានឲ្យដឹងថាៈ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងបន្ថែម ទាក់ទងទៅនឹងកម្មវិធីជំនួយសង្គម ក្នុងក្របខណ្ឌ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់មន្ត្រីអនុវត្តកម្មវិធី នៅថ្នាក់ក្រោមជាតិ ដែលមាន រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងរដ្ឋបាលឃុំ-សង្កាត់ ដែលជាតួអង្គ ប្រតិបត្តិផ្ទាល់ដ៍សំខាន់។

លោកបានបន្តថាៈ គ្រួសារដែលងាយរងគ្រោះ ស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ ពីទឹកជំនន់ ទទួលរងនូវការលិចលង់ ខូចខាតផ្ទះសម្បែង ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋាន ដែលធ្វើឲ្យមានផលប៉ះពាល់ យ៉ាងខ្លាំង ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងស្ថានភាព ដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំ ពារសង្គម បានដាក់ចេញនូវវិធានការអន្តរាគមន៍ គាំពារសង្គម ដើម្បីជួយលើកកម្ពស់សុខុ មាលភាពប្រជាពលរដ្ឋ បន្ទាប់ពីទទួលរងផលប៉ះពាល់ ដោយសម្ពាធអតិផរណា របស់គ្រួសារ រស់នៅក្បែរបន្ទាត់ក្រីក្រ ដែលមានសមាជិក ជាមនុស្សវ័យចាស់ ជនមានពិការភាព អ្នកផ្ទុកមេរាគ អេដស៍ជាដើម។

ថ្លែងសន្ទរកថាបើកវគ្គបណ្តុះបណ្តាលនោះ លោក សុខ សាន្តដារ៉ា បានកោត សរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈទទួលខុសត្រូវ របស់មូលនិធិ ជាតិជំនួយសង្គម រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ដែលបានរៀបចំវគ្គបណ្តុះបណ្តាល នេះឡើង ប្រកបដោយការទទួល ខុសត្រូវខ្ពស់។

ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ បន្ថែមទៀត សម្រាប់យកទៅអនុវត្តន៍ ការងាររបស់ខ្លួន ទទួលបានលទ្ធផល និងប្រសិទ្ធភាពខ្ពស់ ជាពិសេស មន្ត្រីប្រតិបត្តិកម្មវិធី បន្តសម្របសម្រួល និងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលមូលដ្ឋាន ដើម្បីធ្វើឲ្យការ អនុវត្តន៍កម្មវិធីរបស់យើង កាន់តែមានភាពល្អប្រសើរ ៕/V-PC