ដោយៈ ទេព មង្គល / ភ្នំពេញៈ មន្ត្រីកសិកម្ម ផ្នែកផលិតកម្មកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថាៈ ស្ថានភាពដំណាំ កៅស៊ូ ជារួមគឺ តម្លៃជ័រកៅស៊ូ មានការធ្លាក់ចុះ។ ការធ្លាក់ចុះ នៃតម្លៃជ័រកៅស៊ូ នឹងអាចធ្វើឱ្យការដាំដំណាំនេះ មានការថយចុះដែរ។

ការអះអាងបែបនេះ បានធ្វើឡើង ដោយយោងតាមរបាយការណ៍មួយ ដែលមាន ១៤ ទំព័រ ដែលបានចេញដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា និងទិសដៅអនុវត្តបន្ត។

យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មនេះ ក៏បានបង្ហាញឱ្យដឹងថាៈ បរិមាណបញ្ចេញលក់ជ័រកៅស៊ូ ក្នុងខែកញ្ញា កន្លងទៅ សម្រេចបានចំនួន ៣៣.៥៨៦ តោន បានកើនឡើងចំនួន ១.១៣៥ តោន ស្មើនឹង ៣,៥% ធៀបនឹងខែមុន និងបានថយចុះចំនួន ៧២៦ តោន ស្មើនឹង២% ធៀបនឹងខែកញ្ញ ឆ្នាំ២០២១។

បរិមាណបញ្ចេញលក់ឈើកៅស៊ូ ក្នុងខែកញ្ញា សម្រេចបានចំនួន ១.២០៣ ម៉ែត្រត្រីគុណ បានថយចុះចំនួន ១.៨៩៧ ម៉ែត្រត្រីគុណ ស្មើនឹង ៦១% ធៀបនឹងខែមុន។

តម្លៃលក់ជ័រកៅស៊ូ គិតជាមធ្យម ក្នុងខែកញ្ញា គឺ ១.៣១១ ដុល្លារ/តោន បានថយចុះចំនួន ១២១ ដុល្លារ/តោន ស្មើនឹង ៨,៤៥% ធៀបនឹងខែមុន និងបានថយចុះចំនួន ៣១៨ ដុល្លារ/តោន ស្មើនឹង ២០% ធៀបនឹងខែកញ្ញា ឆ្នាំ២០២១។ តម្លៃលក់ឈើកៅស៊ូ គិតជាមធ្យម ក្នុងខែកញ្ញា គឺ ១៨៧ ដុល្លារ/ ម៉ែត្រត្រីគុណ។ តម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារ ខែកក្កដា គឺទឹកជ័រ (DRC 100%) មានការប្រែប្រួលពី ៤.៧៥០ ៛/គ.ក្រ ដល់ ៥.៤០០ ៛/គ.ក្រ និងជ័រកក (DRC50%) មានការប្រែប្រួលពី ២.០២៥ ៛/គ.ក្រ ដល់ ៣.១០០ ៛/គ.ក្រ។

សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន ៤០៤. ០៤៤ ហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូ កសិ-ឧស្សាហកម្ម ចំនួន ៤៧. ៩៤៤ ហិកតា។ ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ច មានចំនួន ១៩២. ៤០២ ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារ ចំនួន ១៦៣.៦៩៨ ហិកតា។ រីឯផ្ទៃដីចៀរជ័រ ចំនួន ៣១០.១៩៣ ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំ ចំនួន ៩៣.៨៥១ ហិកតា ស្មើនឹង ២៣%៕/V-PC