​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ ជា​ម្ចាស់​យានយន្ត​ទាំងអស់ ឲ្យ​បាន​ជ្រាបថា នៅសល់តែ​ជាង ១០ ថ្ងៃ​ទៀត តែប៉ុណ្ណោះ ការបង់ពន្ធ​ផ្លូវ លើ​រថយន្ត​គ្រប់​ប្រភេទ នឹងត្រូវ​បានបញ្ចប់ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ។ ដូច្នេះ សូម​រួសរាន់ ទៅ​បង់​ឲ្យ​បាន មុន​ដាច់​ខែវិច្ឆិកា​នេះ ជា​កំហិត ដើម្បី​ជៀសវាង​ការផាកពិន័យ ផ្សេងៗ ។​

​ប្រា​ធាន​សាខា​ពន្ធដារ ខេត្តបន្ទាយមានជ័យ បានលើកឡើង​ថាៈ ការបំពេញ​កាត​ព្វ កិច្ច​បង់ពន្ធ​ជូន​រដ្ឋ ដោយ​ភ្ជាប់​មកជា​មួយ នូវ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​សម្គាល់ យានយន្ត និង​វិ​ញ្ញាប​ន​ប័ត្រ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានយន្ត ដែល​ចេញ​ដោយ​មន្ទីរ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​សាខា​ពន្ធដារ ខេត្តបន្ទាយមានជ័យ ឬ​នៅ​ធនាគារ ដែល​បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគ យល់​គ្នា ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ជៀសវាង​នូវ​ការកកស្ទះ និង​ការ​ប្រជ្រៀត​គ្នា មក​ប្រកាស​បង់ពន្ធ នៅ​ថ្ងៃ​ជិត​បិទ​កំណត់ ដែល​អាច​នាំ​ឲ្យ​កើត មាននូវ​បាតុភាព​អសកម្ម ដោយ​ប្រការ​ណាមួយ​ជាដើម​។​

​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ទៀតថាៈ យោងតាម​លិខិត​លេខ ៤.៨.២ សជណ ហ​ធ ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ ចំពោះ​យានយន្ត​ឯកជន ជ្រក​ក្រោម​ស្លាក លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង​ផ្លាកលេខ ន​.​ប ពុំ​អនុញ្ញាត​ឲ្យ​បង់ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានយន្ត​ជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ​២០២២ បាន លុះត្រាតែ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ នាំចូល​ស្របតាម​ច្បាប់ និង​បទបញ្ញត្តិ ស្ដីពី​គយ និង​ចុះបញ្ជី​យានយន្ត នៅ​មន្ទីរ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​បាន​រួចរាល់​ជាមុនសិន​។ ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ ទាន់ពេលវេលា​កំណត់ ខាងលើ ម្ចាស់​យានយន្ត និង​ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ តាមច្បាប់​ស្ដីពី សារពើពន្ធ​ជា​ធរមាន​៕/V​