ដោយ​: បូកគោ / កំពត​: នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ភ្លៀង​មួយ​មេ​ធំ បាន​បង្អុរ​ធ្លា​ក់លើ​ភូមិសាស្ត្រ នៃ​ក្រុង​កំពត បណ្តាលឱ្យ​មូលដ្ឋាន​ខ្លះ រង​ការលិចលង់ ព្រោះតែ​ប្រព័ន្ធ​លូបង្ហូរទឹក ដំណើរការ​មិនល្អ​។ ឆ្លើយតប​នឹង​ហេតុការណ៍​នេះ ក្រោយ​បញ្ជា​ដល់​កម្លាំង​ជំនាញ ចុះ​ស្តារ កាយ​រំដោះ​ទឹក​ចេញពី​ក្រុង លោក​អភិបាលខេត្ត បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ផ្សារ​សាមគ្គី ទី​រួម​ខេត្តកំពត បំណង​ពិនិត្យ​ស្ថានភាព​ផ្ទាល់ ព្រមទាំង​ទទួលយក​សំណូមពរ​មួយចំនួន ពី​បងប្អូន​អាជីវករ ដើម្បី​អន្តរាគមន៍​។

​ថ្លែង​ទៅកាន់​អាជីវករ​ផ្សារ​សាមគ្គី ទី​រួម​ខេត្តកំពត លោក ម៉ៅ ធនិន បាន​មានប្រសាសន៍ថាៈ​គ្រា​ដែល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង លោក​បានទទួល​សារ និង​រូបភាព​ពី​បងប្អូន​អាជីវករ ស្តីអំពី​ទឹក​លិចលង់​ក្នុង​ផ្សារ ពិបាក​លក់ដូរ​។ ជាមួយ​ព័ត៌មាន​នេះ លោក​ក៏​បញ្ជា​ដល់ កម្លាំង​ជំនាញ​យក​គ្រឿងចក្រ ស្តារ​កាយ​ត្រង់​កន្លែង​ស្ទះ​មួយចំនួន ក្នុង​ក្រុង ដើម្បី​បើកមុខ​ទឹក​ឲ្យ​បាន​ហូរ​លឿន និង​ឆាប់​ស្រក​ឡើងវិញ​។

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ បន្ទាប់ពីនោះ លោក​នឹង​តម្រូវ​ដល់​ក្រុម​ជំនាញ សិក្សា​ដើម្បី​ដាក់លូ​បង្ហូរទឹក ចេញពី​ក្នុង​ផ្សារ ឲ្យ​បាន​ធំ​ជាង​នេះ ព្រោះ​តាម​ស្ថានភាព​ជាក់ស្តែង ប្រព័ន្ធ​លូ​ចាស់ ហាក់​មិន​ដំណើរ​ការល្អ​ទេ​។ ដោយឡែក ពេលនេះ សូម​បងប្អូន​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​បញ្ហា​ខ្សែភ្លើង​ក្នុង​ផ្សារ ព្រោះ​ភ្លៀង​អម្បាញ់មិញ មាន​ទ្រង់ទ្រាយ​ធំ​លាយឡំ​នឹង​ខ្យល់ បោកបក់​ខ្លាំង​ទៀតផង​។

​សូមបញ្ជាក់ថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផ្ទាល់ នូវ​ស្ថានភាព​ផ្សារ​នេះ លោក ម៉ៅ ធនិន ក៏បាន​ទទួលយក និង​យល់ព្រម តាម​សំណូមពរ របស់​បងប្អូន​អាជីវករ ដែល​ស្នើសុំ​កែលម្អ​ដំបូល​កន្លែង​លក់ដូរ ដើម្បី​បាន​ខ្ពស់ជាង​សព្វថ្ងៃ ក៏ដូចជា តម្រូវការ​មួយចំនួនទៀត​ផងដែរ​៕/V​