ដោយៈ ទេព មង្គល​ / ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ដីពី​ការឃាត់ខ្លួន ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ នៃ​រដ្ឋបាល​ព្រៃឈើ កម្ពុជា ក្នុងអំឡុងពេល​ធ្វើដំណើ​រ​ឆ្លងកាត់ សហរដ្ឋអាមេរិក ទៅ​ចូលរួម​កិច្ចប្រជុំ អនុសញ្ញា CITES (​សាយ​តេស​) នៅ​ប្រទេស​ប៉ា​ណា​ម៉ា​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានការ​ភ្ញាក់ផ្អើល និង​ក្តី​ទោមនស្ស​យ៉ាងខ្លាំង ដោយបាន​ទទួលដំណឹង​ថា លោក គី ប៉ះ​ផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ រដ្ឋបាល​ព្រៃឈើ ត្រូវបាន​ឃាត់ខ្លួន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ច​ន អេ​ហ្វ កេ​ណ្ណ​ឌី ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល​លោក កំពុង​រង់ចាំ​បន្តដំណើរ ទៅ​ចូលរួម​កិច្ចប្រជុំ អនុសញ្ញា​ការពារ​សត្វ និង​រុក្ខជាតិ​ជិត​ផុត​ពូជ CITES (​សាយ​តេស​) នៅ​ប្រទេស​ប៉ា​ណា​ម៉ា​។​

​តាម​ការប្រកាស ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ លើ​គេហទំព័រ​របស់ ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក លោក គី ប៉ះ​ផល និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ កម្ពុជា ត្រូវបាន​ចោទប្រកាន់ ពីបទ​សមគំនិត ក្នុងការ​រត់ពន្ធ​សត្វ​ស្វា​ក្តាម ទៅ​សហរដ្ឋអាមេរិក​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាបជូន​សាធារណជន ឱ្យបាន​ជ្រាបថាៈ ១- ក្រសួង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និង​ច្បាប់​ដែលមាន​ចែង នៅក្នុង​អនុសញ្ញា​សាយ​តេស​។ វា​ជា​រឿង​ដ៏​គួរឱ្យ​ហួសចិត្ត​ជាទីបំផុត ដែល​លោក គ្រី ប៉ះ​ផល ត្រូវបាន​ឃាត់ខ្លួន ក្រោម​បទចោទប្រកាន់​នេះ ខណៈពេលដែល លោក​កំពុងធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្លូវការ ដើម្បី​ការពារ​សត្វ និង​រុក្ខជាតិ​ជិត ផុត​ពូជ នៅឯ​វេទិកា​អង្គការសហប្រជាជាតិ និង​ខណៈពេលដែល​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​សហរដ្ឋអាមេរិក កំពុងមាន​ទំនាក់ទំនង សហប្រតិបត្តិការ យ៉ាង​ជិតស្និទ្ធ​។​

២- នៅ​កម្ពុជា សត្វ​ស្វា​ក្តាម ជា​ប្រភេទ​សត្វ​សម្បូរ និង​មាន​វត្តមាន នៅ​ទូទាំងប្រទេស ទាំង​ក្នុងព្រៃ​ធម្មជាតិ ទាំង​ក្នុង​តំបន់​ជាយក្រុង និង​ទីក្រុង ដូចជា នៅ​រមណី​ដ្ឋា​ន​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ ជាដើម​។​

៣- សត្វ​ស្វា​ក្តាម ត្រូវបាន​ចិញ្ចឹម នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៥ មកម្ល៉េះ ហើយ​ត្រូវ បាន​នាំចេញ សម្រាប់​គោលដៅ​វេជ្ជសាស្ត្រ ជាពិសេស​សម្រាប់​ដំណាក់កាល ធ្វើ​ពិសោធន៍ ដើម្បី​ផលិត​ឱសថ វ៉ាក់សាំង ឬ​គ្រឿងសំអាង​។ សត្វ​ស្វា​ក្តាម​ទាំងនេះ មិនមែន​ត្រូវបាន​ចាប់ពី​ព្រៃ ហើយ​ប​ញ្ចូ​ន​ចេញទៅ​ក្រៅ ប្រទេស​នោះទេ​។ ចំណែក​កសិដ្ឋាន ដែល​ចិញ្ចឹមសត្វ​ស្វា​ក្តាម ទាំងនេះ​ទៀតសោត ទម្រាំ​ទទួលបាន ការទទួលស្គាល់ តាមផ្លូវ​ច្បាប់ គឺ​សុទ្ធតែ​តម្រូវឱ្យ​គោរព តាម​បទដ្ឋាន​អនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹម ត្រឹមត្រូវ ដើម្បី​រក្សា​ឱ្យបាន​នូវ ហ្សេ​នេ​ទិ​ករប​ស់វា មិនឱ្យ​ផុត ពូជ​នោះឡើយ​។​

៤- សមត្ថកិច្ច​គ្រប់គ្រង សាយ​តេស​កម្ពុជា បានអនុញ្ញាត​ឱ្យ​នាំចេញ សត្វ​ស្វា​ក្តាម ដោយ​ផ្អែកលើ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាតិ និង​អន្តរជាតិ​។ ចំពោះ​ការនាំ​ចូលទៅ សហរដ្ឋអាមេរិក ក្រុមហ៊ុន​ដែល​ប្រកប អាជីវកម្ម​នាំចេញ សត្វ​ស្វា​ក្តាម​នេះ ត្រូវអនុវត្ត​ទៅតាម​នីតិវិធី របស់​សហរដ្ឋអាមេរិក​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​មន្ត្រី​របស់ខ្លួន ជាពិសេស​អ្នក​ដែល​បំពេញ​កាតព្វកិច្ច ផ្លូវការ តំណាង​ប្រទេស ស្របតាម​អនុសញ្ញា​អន្តរជាតិ​។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធានាថា ច្បាប់ និង​បទ​ប្បញ្ញត្តិ ព្រមទាំង​អនុសញ្ញា អន្តរជាតិ​នានា នឹងត្រូវ​បាន​គោរព ៕/V