​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ជា​មេដឹកនាំ​បក្សប្រឆាំង​ចាស់វស្សា​របស់​ម៉ាឡេស៊ី តែងតែ​ប៊ិះ​ឡើង​កាន់​អំណាច ប៉ុន្តែ​អាយុ​កំពុង​ដេញតាម​ពីក្រោយ​រូបគាត់​ហើយ​ការ​​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​អាចជា​ឱកាស​ចុងក្រោយ​របស់​គាត់​ក្នុងការ​ឈ្នះ​តំណែង​កំពូល​។​

​បុរស​អាយុ ៧៥ ឆ្នាំ ដែល​មាន​អាជីព​នយោបាយ​បួន​ទសវត្សរ៍​និង​រួមបញ្ចូល​ទាំង​ការ​ជាប់ពន្ធនាគារ​ពីរលើក មាន​សុទិដ្ឋិនិយម​ថា​ក្រុមចម្រុះ Pakatan Harapan (​សម្ពន្ធ​នៃ​ក្តីសង្ឃឹម​)​របស់​គាត់​ទី​បំ​​ផុត​នឹង​អាច​ទទួលបាន​អាសនៈ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល និង​ជំនួស​គណបក្សកាន់អំណាច​ដែល​ពោរពេញ​ដោយ​អំពើ​ពុករលួយ​។​

​ដោយ​ជាប់​លេខ​២​ជា​យូរ​មក​ហើយ​ក្នុង​នយោបាយ​ម៉ាឡេស៊ី លោក​អាន់​វ៉ា​អាច​នឹង​អស់​ពេល​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​ដ៏​យូរអង្វែង​របស់​លោក​ក្នុង​ការដឹកនាំ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​លោក ប្រ៊ីត​ជេ​ត វែលស៍ (Bridget Welsh) មកពី​សាកលវិទ្យាល័យ Nottingham Malaysia បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​នេះ​គឺជា​ការបោះឆ្នោត​ចុងក្រោយ​របស់​អាន់​វ៉ា​។ ប្រសិនបើ​គាត់​បរាជ័យ​ក្នុង​ការទទួល​បាន​ការ​គាំទ្រ​ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី នោះ​វា​នឹង​មានក្តី​រំពឹងថា គាត់​គួរតែ​ចាកចេញ​ទៅ​”​។​

“​ប្រសិនបើ​គាត់​ជ្រើសរើស​បន្ត​នៅ វា​នឹង​ធ្វើឱ្យ​គណបក្សប្រឆាំង​កាន់តែ​ចុះខ្សោយ​បន្ថែមទៀត ហើយ​ធ្វើឱ្យ​វា​បែកបាក់​។ មាន​មេដឹកនាំ​ផ្សេង​ទៀត​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ដឹកនាំ​បក្ស​ប្រឆាំង​”៕

លោក​អាន់​វ៉ា​សង្ឃឹមថា​នឹង​ឈ្នះ​ការបោះឆ្នោត​ម៉ាឡេស៊ី​លើក​នេះ​