​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​ថា​នាវា​ដឹក​ប្រេង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មហា​សេដ្ឋី​អ៊ីស្រាអែល​ម្នាក់​ត្រូវបាន​វាយប្រហារ​ដោយ​ដ្រូ​ន​​របស់​អ៊ីរ៉ង់​នៅឯ​ឆ្នេរសមុទ្រ​អូ​ម៉ង់ ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។ ទន្ទឹមនឹងនេះ ក្រិក​និយាយថា អ៊ីរ៉ង់​បាន​ដោះលែង​នាវា​ដឹក​ប្រេងក្រិក​ពីរ​គ្រឿង​ដែល​​កាន់កាប់​ដោយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ចាប់តាំងពី​ខែ​ឧសភា​។​

​ទីបញ្ជាការ​កណ្តាល​ដែល​មាន​មូលដ្ឋាន​នៅ​មជ្ឈិមបូព៌ា​របស់​យោធា​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​នាវា​ដឹក​ប្រេង​ដែល​មាន​ទង់ជាតិ​លី​បេរី​យ៉ា ឈ្មោះ Pacific Zircon បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃ​អង្គារ​នៅឯ​ឆ្នេរសមុទ្រ​អូ​ម៉ង់​។ ទីបញ្ជាការ​នេះ​បានកំណត់​អត្តសញ្ញាណ​ដ្រូ​ន​ដែល​ប្រើ​នោះ​ជា​ប្រភេទ Shahed ផលិត​ដោយ​អ៊ីរ៉ង់​។​

​ឧត្តមសេនីយ៍ឯក ម៉ៃ​ឃើ​ល “​អេ​រិក​” គូ​រី​ល​ឡា (Michael “Erik” Kurilla) មេបញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​បាន​និយាយថា​”​ការវាយប្រហារ​ដោយ​ដ្រូ​ន​ប្រឆាំង​នឹង​នាវា​ស៊ីវិល​នៅក្នុង​ច្រក​​សមុទ្រ​ដ៏​សំខាន់​នេះ​បង្ហាញ​ឱ្យឃើញ​ជា​ថ្មី​ម្តង​ទៀត​នូវ​សកម្មភាព​ព្យាបាទ​របស់​អ៊ីរ៉ង់​នៅក្នុង​តំបន់​”​។​

​នាវា Pacific Zircon គឺ​ដំណើរការ​ដោយ​ក្រុមហ៊ុន Eastern Pacific Shipping មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​អ៊ីស្រាអែល លោក អ៊ី​ដាន់ អូ​ហ្វើ (Idan Ofer)​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន Eastern Pacific Shipping បាន​និយាយថា នាវា Pacific Zircon ដែល​ដឹក​ប្រេងសាំង ត្រូវបាន “​វាយប្រហារ​ដោយ​ដ្រូ​ន​” នៅ​ចម្ងាយ​ប្រហែល ២៤០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​អូ​ម៉ង់​។​

​ក្រុមហ៊ុន​បាន​និយាយថា “​យើង​កំពុង​ទាក់ទង​ជាមួយ​នាវា ហើយ​មិន​មាន​របាយការណ៍​អំពី​របួស​ឬ​ការ​កំពប់​ប្រេង​លើ​ផ្ទៃ​សមុទ្រ​ទេ​។ នាវិក​ទាំងអស់​គឺ​មាន​សុវត្ថិភាព​។ មាន​ការខូចខាត​បន្តិច​បន្តួច​ចំពោះ​នាវា ប៉ុន្តែ​មិន​មាន​ការ​លេច​ធ្លាយ​ទំនិញ​ឬ​ប្រេង​ចូល​ទឹក​នោះឡើយ​”៕

​នាវា Pacific Zircon រង​ការខូចខាត​បន្តិចបន្តួច​ពី​ការវាយប្រហារ​ដោយ​ដ្រូ​ន​របស់​អ៊ីរ៉ង់​