​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅពេល​ដែល​យន្តហោះ​ឯកជន Gulfstream G450 បាន​ហោះ​ចេញ​ពី​រដ្ឋធានី​ណាស​សោ (Nassau) របស់​កោះ​បា​ហា​ម៉ាស (Bahamas) ឆ្ពោះ​ទៅ​ប្រទេស​អា​ហ្សង់​ទីនកា​លពី​ចុង​សប្តាហ៍​មុន វា​បាន​ក្លាយទៅជា​យន្តហោះ​ដែល​គេ​តាមដាន​យ៉ាង​ខ្លាំង​បំផុត​នៅក្នុង​ពិភព​អាកាសចរណ៍​។​

​សម្រាប់​មនុស្ស​ភាគច្រើន​ជឿថា​វា​ជា​កម្មសិទ្ធិ​របស់ “​ស្តេច​លុយ​អេឡិចត្រូនិក​” (Crypto King) ឈ្មោះ សាម ប៊ែង​មែន​ហ្វ្រា​យ​ដ៍ (Sam Bankman-Fried)​ហើយ​កំពុង​ដឹក​គាត់​ទៅរក​​ជីវិត​ថ្មី​នៅ​អាម៉េរិក​ខាងត្បូង ប្រៀប​បី​ដូចជា​អ្នក​រត់​គេចខ្លួន​ពី​យុត្តិធម៌​យ៉ាង​អ៊ីចឹង​។​

​មហាសេដ្ឋី​រូបិយ​បណ្ណ​ឌីជីថល​រូបនេះ​ក្រោយមក​បាន​បដិសេធ​ថា​វា​មិនមែន​ជា​យន្តហោះ​របស់គាត់​ទេ​ទោះបីជា​គាត់​មិនទាន់បាន​ដោះស្រាយ​ពាក្យ​ចចាមអារ៉ាម​មួយ​ទៀត​ថា​គាត់​និង​សហការី​ពីរ​​នាក់​ត្រូវបាន​ឃាត់​នៅ​លើ​ផ្លូវ​នៅ​អាកាសយានដ្ឋាន​ណាស​សោ ខណៈ​ពួកគេ​ព្យាយាម​ជិះ​យន្តហោះ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ កន្លែង​ដែល​គ្មាន​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​សាច់​រឿង​បែបនេះ​គឺ​មាន​នៅក្នុង​ភាពយន្ត​ហូលីវូដ​បែប​រន្ធត់ ប៉ុន្តែ​គេ​អាច​យល់​បាន​ទាំងស្រុង​ថា ប៊ែង​មែន​ហ្វ្រា​យ​ដ៍​អាយុ ៣០ ឆ្នាំ​ដែល​រហូត​មកដល់​ពេល​ថ្មីៗ​នេះ​ត្រូវ​គេ​សរសើរ​ថា​ជា​មហាសេដ្ឋី​មាស​​នៃ​ពិភព​រូបិយប័ណ្ណ​អេឡិចត្រូនិក ឥឡូវ​នេះ​ត្រូវបាន​ចោទប្រកាន់​ថា​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ករណី​ក្លែងបន្លំ​ហិរញ្ញ​វត្ថុ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ការដួលរលំ​ដ៏​មហន្តរាយ​នៃ​ក្រុមហ៊ុន FTX ដែល​ជា​អាជីវកម្ម​រូបិយប័ណ្ណ​អេឡិចត្រូនិក​ដែល​បង្កើតឡើង​កាលពី​បី​ឆ្នាំ​មុន​ដោយ​លោក​ប៊ែង​មែន​ហ្វ្រា​យ​ដ៍ ដែល​ផ្តើម​ពី​មាន​តម្លៃ ៣២ ពាន់​លាន​ដុល្លារ​រហូត​ដល់​គ្មាន​តម្លៃ​ទាល់តែសោះ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ គឺ ជា​សោកនាដកម្ម​អាជីវកម្ម​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ហើយ​វា​ពិត​ណាស់​ជា​សោកនាដកម្ម​ធំ​ណាស់​សម្រាប់​យុគសម័យ​ថ្មី​នេះ ព្រោះ​វា​ធ្វើឱ្យ​ពិភព​រូបិយប័ណ្ណ​អេឡិចត្រូនិក​ក្លាយជា​អាប់អួរ ចំពោះ​មនុស្ស​វ័យក្មេង​និង​មនុស្ស​ល្បីៗ ដែល​ងប់​នឹង​លុយ​អេឡិចត្រូនិក​។​

​សូម្បី​តែ​ទីក្រុង​វ៉ាស៊ីនតោន​រហូតដល់​សេត​វិមាន​ក៏​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​ដែរ ព្រោះ​បុព្វហេតុ​ដើម្បី​សេរីភាព ដែល​លោក​ប៊ែង​មែន​ហ្វ្រា​យ​ដ៍​បាន​ផ្តល់​មូលនិធិ​ឱ្យ​នោះ ក៏​រួម​មាន​គណបក្ស​ប្រជាធិបតេយ្យ​ដែរ​។​

​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០២០ របស់លោក ចូ បៃ​ដិន បានទទួល ៥ លាន​ដុល្លារ ហើយ​លោក​ប៊ែង​មែន​ហ្វ្រា​យ​ដ៍ ឬ​ហៅ​ក្រៅ​ថា SBF បាន​ឧបត្ថម្ភ ៤០ លាន​ដុល្លារ​លើ​បេក្ខជន​(​បក្ស​ប្រជាធិបតេយ្យ​​ភាគច្រើន​) ក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាលពី​សប្តាហ៍​មុន​។​

​បើ​មើល​រឿង​ពី​ក្រោយ​ឆាក ភាព​សប្បុរស​នេះ ដោយ​មិន​សំដៅលើ​ការសន្យា​ខាង​សប្បុរសធម៌​របស់ SBF ក្នុង​ការលះបង់​ទ្រព្យសម្បត្តិ​របស់​គាត់​មើល​ចំពោះ​កែវ​ភ្នែក​មនុស្ស​ភាគច្រើន​គឺ​ដូចជា​ការបោកប្រាស់​​ដើម្បី​ស្វែងរក​ការគាំទ្រ​និង​ការគោរព​ចំពោះ​ប្រព័ន្ធ​ទូទាត់ ដែល​ល្បីល្បាញ​ចំពោះ​ឧក្រិដ្ឋជន​និង​ភេរ​វករ ដែល​អន្ទះសារ​ចង់​បិទបាំង​ការតាមដាន​លើ​ពួកគេ​។​

​នៅ​ខែ​ឧសភា មិត្តភក្តិ​នយោបាយ​របស់​គាត់​បាន​អញ្ជើញ SBF ឱ្យ​និយាយ​ទៅ​កាន់​សភា​អំពី​រឿងរ៉ាវ​ទាំងអស់ ដើម្បី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ឧស្សាហកម្ម​របស់​គាត់​។​

​រូបិយប័ណ្ណ​អេឡិចត្រូនិក ដូចជា Bitcoin ត្រូវ​បាន​សាទ​រថា​ជា​អនាគត​នៃ​សាច់ប្រាក់ និង​ពាក់ព័ន្ធ​នឹង​ការបង្កើត​ថូ​ក​ឃិន (Token) ឌីជីថល ដែល​មាន​តែ​លើ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ហើយ​ដែល​ហួស​​ពី​ការគ្រប់គ្រង​របស់​ធនា​គារ​និង​រដ្ឋាភិបាល​។ លោក រី​ស៊ី ស៊ូ​ណាក់ (Rishi Sunak) បាន​និយាយថា គាត់​ចង់ឱ្យ​ចក្រភព​អង់គ្លេស​ក្លាយ​ជា​រដ្ឋធានី​រូបិយប័ណ្ណ​អេឡិចត្រូនិក​អន្តរជាតិ​។​

​ទោះយ៉ាងណា ដោយ​យល់ឃើញ​យ៉ាងច្បាស់​ថា​វា​ពឹង​លើ​ភាព​សម្ងាត់​និង​គេចវេស​ពី​បទ​ប្បញ្ញត្តិ​នានា ឧស្សាហកម្ម​ដ៏​ចម្រូងចម្រាស​នេះ​បាន​ជួប​ការលំបាក​ក្នុង​ការទទួលស្គាល់​ពី​សា​ធា​រណ​ជន​។​សូម្បី​តែ​ក្រុម​​ហ៊ុន FTX ក៏​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ប្រតិបត្តិការ​នៅ​សហរដ្ឋ​អាម៉េរិក​ឬ​ចក្រភព​អង់គ្លេស​ដែរ (​ពិត​ណាស់​និយតករ​បាន​ព្រមាន​ថា​នឹង​មាន​ការលំបាក​ខ្លាំង​សម្រាប់​ប្រជាជន​អង់គ្លេស​ដែល​បាត់បង់​​ប្រាក់​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ក្នុង​ការទទួលបាន​វា​មក​វិញ​)​។​

​ឥឡូវនេះ ក្រុមហ៊ុន FTX បាន​ឈាន​ដល់​ការរំលាយចោល ហើយ​គេ​ពិតជា​ពិបាក​គិត​ណាស់​ថា​ក្រុមហ៊ុន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​បែប​នេះ​បែរជា​ដួលរលំ​យ៉ាង​រហ័ស​ដូច្នេះ​។ Bloomberg News​បាន​​ហៅ​វា​ថា​ជា “​ការ​រលំរលាយ​ទ្រព្យសម្បត្តិ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​”​។​

​ហើយ​ការសម្លាប់​រង្គាល​ខាង​រូបិយប័ណ្ណ​អេឡិចត្រូនិក​ប្រហែលជា​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ ខណៈ​រឿងអាស្រូវ​នេះ​បាន​ធ្វើឱ្យ​ពិភព​រូបិយប័ណ្ណ​អេឡិចត្រូនិក​ទាំងមូល​ធ្លាក់​ក្នុង​វិបត្តិ​។​

​មាន​ការភ័យខ្លាច​ថា អ្វី​ដែល​គូប្រជែង​សំខាន់​របស់​ប៊ែង​មែន​ហ្វ្រា​យ​ដ៍ ហៅថា “​ជំងឺឆ្លង​រាលដាល​” នឹង​រីក​រាលដាល​ដល់​ឧស្សាហកម្ម​រូបិយប័ណ្ណ​អេឡិចត្រូនិក​ទាំងមូល ដែល​បាន​បាត់បង់​ពីរភាគបី គឺ ប្រហែល ២ ទ្រី​លាន​ដុល្លារ​នៃ​តម្លៃ​របស់​វា​កាលពី​ឆ្នាំមុន ហើយ​បាន​ឃើញ​តម្លៃ​របស់ Bitcoin ធ្លាក់ចុះ​ជា​ង​មួយ​ភាគ​បួន​នៃ​តម្លៃ​របស់​វា​កាលពី​ឆ្នាំមុន​។​

​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក​មាន​ការសង្ស័យ​យ៉ាងខ្លាំង​ចំពោះ​ពិភព​លុយ​អេឡិចត្រូនិក និង​កេរ្តិ៍ឈ្មោះ Wild West របស់​វា​។​

​ថា​តើ​ឥឡូវនេះ​សន្លឹក​បៀរ​ទាំងមូល​បាន​ដួល​រលំ​ឬ​អត់​នោះ គ្រោះ​មហន្តរាយ​នេះ​បាន​បង្ហាញ​ពី​គុណភាព​កំណត់​ពីរ​យ៉ាង គឺ ភាព​លោភលន់​និង​ភាពល្ងង់ខ្លៅ​របស់​អ្នក​ងប់​នឹង​លុយ Bitcoin ។ FTX បាន​សារភាព​ថា​មនុស្ស​ជាង​មួយ​លាន​នាក់​ប្រហែលជា​បាន​បាត់បង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​៕

​សាម ប៊ែង​មែន​ហ្វ្រា​យ​ដ៍ ឬ​ហៅ​ថា SBF បានជ្រើសរើស​តារា​បង្ហាញ​ម៉ូត Gisele Bundchen ជា​ប្រធាន​គំនិត​ផ្តួចផ្តើម​ផ្នែក​បរិស្ថាន​និង​សង្គម​របស់​ក្រុមហ៊ុន FTX

កាលពីនៅល្បី សាម ប៊ែង​មែន​ហ្វ្រា​យ​ដ៍ ឡើងលើវេទិកាជាមួយឥនស្សរជនធំៗ