​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី របស់​បក្ស​ប្រជាធិបតេយ្យ ដែល​ជា​ស្ត្រី​ដំបូង​គេ​កាន់តំណែង​ជា​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១៧​វិច្ឆិកា​ថា លោក​ស្រី​នឹង​ចុះចេញ​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស នៅពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ចូល​កាន់កាប់​សភា​ក្នុង​ខែ​មករា​។​

​លោកស្រី​ផេ​ឡូ​ស៊ី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដ៏​រំជួលចិត្ត​មួយ​នៅ​សភា​ថា “​ខ្ញុំ​នឹង​មិន​ស្វែងរក​ការបោះឆ្នោត​ឡើងវិញ​សម្រាប់​ភាពជា​អ្នកដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា​បន្ទាប់​នោះទេ​។​វា​ដល់​​ពេល​ហើយ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ដើម្បី​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​”​។​

​ការចាកចេញ​របស់លោក​ស្រី​ផេ​ឡូ​ស៊ី​អាយុ ៨២ ឆ្នាំ​ពី​ការដឹកនាំ​គណបក្ស​គឺជា​ការបញ្ចប់​នៃ​យុគសម័យ​មួយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ហើយ​បាន​កើតឡើង​បន្ទាប់​ពី​គណបក្ស​សាធារណរដ្ឋ​ទទួលបាន​សំឡេង​​ភាគច្រើន​តិចតួច​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាលពី​សប្តាហ៍​មុន​។​

​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ដិន បាន​សាទរ​លោកស្រី​ផេ​ឡូ​ស៊ី​ថា​ជា​អ្នកការពារ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្លៀវក្លា​និង​ជា​ប្រធានសភា​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក​។​

​លោកបៃ​ដិនបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា “​ដោយសារតែ​លោក​ស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី ជីវិត​របស់​ប្រជាជន​អាម៉េរិក​រាប់លាន​នាក់​មាន​ភាពល្អប្រសើរ​ជាង​មុន​សូម្បីតែ​នៅក្នុង​សង្កាត់​ដែល​​តំណាង​ដោយ​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​បោះឆ្នោត​ប្រឆាំងនឹង​ច្បាប់​របស់​លោកស្រី ហើយ​ជារឿយៗ​បាន​ប្រមាថ​មើលងាយ​លោកស្រី​”​។​

​លោក​បាន​និយាយថា “​ប្រវត្តិសាស្ត្រ​ក៏​នឹង​កត់សម្គាល់​ផង​ដែរ​ពី​ភាព​ក្លៀវក្លា​និង​ការតាំង​ចិត្ត​របស់​លោក​ស្រី​ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ពី​ការបះបោរ​ដ៏​សាហាវ​ឃោរឃៅ​ថ្ងៃទី ៦ ខែ​មករា​” នៅពេល​ដែល​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វាយប្រហារ​វិមាន​កា​ពី​តូ​ល​របស់​សហរដ្ឋ​អាម៉េរិក​។​

​អតីត​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ក៏​បាន​សាទរ​លោកស្រី​ថា​ជា “​សមាជិក​សភា​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក​” ផងដែរ​។​លោក​បាន​សរសេរ​នៅលើ Twitter ថា “​ខ្ញុំ​ពិតជា​ដឹងគុណ​ចំពោះ​​មិត្តភាព​និង​ភាពជា​អ្នក​ដឹកនាំ​របស់​លោកស្រី​ណាស់​”​។​

​ជាប់ឆ្នោត​នៅក្នុង​សភា​ក្នុង​ឆ្នាំ ១៩៨៧ លោកស្រី​ផេ​ឡូ​ស៊ី​បាន​ក្លាយជា​ប្រធាន​សភា​ក្នុង​ឆ្នាំ ២០០៧ ជា​ស្ត្រី​ដំបូង​គេ​និង​រហូតមកទល់​ពេលនេះ​ដែល​កាន់​តំណែង​ដ៏​មាន​ឥទ្ធិពល​នេះ​។​

​ត្រូវ​គេ​ស្គាល់​ចំពោះ​ការរក្សា​ការ​ក្តាប់ដៃ​តឹងរ៉ឹង​លើ​មន្ត្រី​គណបក្ស លោកស្រី​បាន​ធ្វើ​ជា​អធិបតី​លើ​ការចោទប្រកាន់​ទាំង​ពីរ​លើក​របស់លោក​ត្រាំ​ក្នុងអំឡុងពេល​លោកស្រី​កាន់តំណែង​ប្រធាន​សភា​ជា​លើក​ទី​ពីរ​៕

​លោកស្រី​ផេ​ឡូ​ស៊ី​នឹង​ចុះ​ចេញពី​តំណែង​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ នៅពេល​ដែល​គណបក្ស​សាធារណរដ្ឋ​ចូល​កាន់កាប់​សភា​ក្នុង​ខែ​មករា