​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យោធា​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​ថា មី​ស៊ី​ល​និង​គ្រាប់ផ្លោង​របស់​រុស្ស៊ី​បាន​វាយប្រហារ​ទីតាំង​របស់​អ៊ុយ​ក្រែន​នៅក្នុង​តំបន់​ជាច្រើន ហើយ​មិន​មាន​ការ​ថមថយ​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តំបន់​ដូណិត​សខ៍ភាគ​ខាងកើត​នោះ​ទេ ខណៈ​កងកម្លាំង​កាន់កាប់​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ហាក់​សកម្ម​ជាង​មុន​។​

​យោធា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែន​បាន​ស្ថិតក្រោម​ការវាយប្រហារ​ឥត​ឈប់​ឈរ​ដោយ​មី​ស៊ី​ល​និង​ដ្រូ​ន​របស់​រុស្ស៊ី​រាប់​ចាប់​ពី​រដ្ឋធានី​គៀវ​នៅ​​ភាគ​ខាងជើង​រហូត​ដល់​ទីក្រុង​ឌី​នី​ប្រូ (Dnipro) ភាគ​កណ្តាល​អ៊ុ​យក្រែន និង​ទីក្រុង​អូ​ដេសា (Odesa) នៅ​ភាគខាងត្បូង​។​

​យោធា​និយាយថា កងកម្លាំង​អ៊ុយ​ក្រែន​ក្នុងរយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ បាន​បាញ់​ទម្លាក់​មី​ស៊ី​ល​នាំ​ផ្លូវ​ពីរ​គ្រាប់ មី​ស៊ី​លបាញ់​ពី​អាកាស​ចំនួន​ប្រាំ​គ្រាប់ និង​ដ្រូ​ន Shahed-136​ផលិត​ដោយ​​អ៊ីរ៉ង់​ចំនួន​ប្រាំ​គ្រឿង​។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​ផ្ទៀងផ្ទាត់​របាយការណ៍​សមរភូមិ​បានទេ​។​

​ខណៈ​ព្រិល​ដំបូង​នៃ​រដូវរងា​បាន​ធ្លាក់​នៅក្នុង​ទីក្រុង​គៀវ​អាជ្ញាធរ​បាន​និយាយថា​ពួកគេ​កំពុង​ធ្វើការ​ដើម្បី​ស្ដារ​ថាមពល​ឡើងវិញ​ទូទាំង​ប្រទេស​បន្ទាប់​ពី​រុស្ស៊ី​កាលពីដើម​សប្តាហ៍​នេះ​បញ្ចេញ​នូវ​អ្វី​ដែល​​អ៊ុយ​ក្រែ​ននិយាយថា​ជា​ការបាញ់​ផ្លោង​យ៉ាង​ខ្លាំង​បំផុត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ក្នុង​សង្គ្រាម ដែល​បាន​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ នៅពេល​ដែល​រុស្ស៊ី​បាន​លុកលុយ​ប្រទេស​ជិតខាង​របស់​ខ្លួន​។​

​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​នៅក្នុង​សុន្ទរកថា​វីដេអូ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រជាជន​ប្រហែល ១០ លាន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់​។ លោក​បាន​បន្តថា អាជ្ញាធរ​នៅ​កន្លែង​មួយ​ចំនួន​បាន​បញ្ជា​ឱ្យ​ផ្តាច់​ភ្លើង​បន្ទាន់​ដោយ​បង្ខំ​៕

​ប្រជាជន​ប្រហែល ១០ លាន​នាក់​គ្មាន​ថាមពល​ប្រើប្រាស់