ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួត ប្រដាល់សកលអាជីព Ultimate Pro Boxing 2022 ថ្ងៃទី១៧ វិច្ឆិកា អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ក្លិបអារុណរះកីឡា ខេត្តកណ្ដាល ប្រើពេលតែ ២ ទឹកប៉ុណ្ណោះ ផ្ដួលអ្នកប្រដាល់ ម៉ិល សារុន ក្លិបគុជសារ ស ឲ្យក្រោកតដៃ លែងរួច ។

អ្នកប្រដាល់ទាំង​ ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ តាមពិត ពេជ្រ ម្ទេសខ្មាំង ជាអ្នកប្រដាលស្រករមុន ។ នៅពេលដែលគេ ចាប់ផ្ដើមមានឈ្មោះបោះសម្លេង នោះ សារុន ទំនងជាមិនទាន់ ឬទើបតែចាប់ផ្ដើមហ្វឹកហាត់ប៉ុណ្ណោះ តែមួយរយៈនេះ ក្នុងខណៈ ដែលប្រដាល់សកល លំបាករកទីផ្សារប្រកួតនោះ ម្ទេសខ្មាំង ហាក់ដូចជាបាត់មុខ ទើបតែពេលនេះ សហព័ន្ធប្រដាល់សកលកម្ពុជា ចាប់ផ្ដើមបង្កើតទីផ្សារ ប្រកួតដោយខ្លួនឯង ដើម្បីបង្កើនសមត្ថភាពអ្នកប្រដាល់របស់ខ្លួន សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ។

ពេញ វណ្ណថង ក្លិបប្រដាល់សកល ជម្រើសជាតិកម្ពុជា ប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់ វ៉ែន រដ្ឋា មកពីក្លិបជម្រើសជាតិដូចគ្នា។ អ្នកប្រដាល់ទាំង ២រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៦ គីឡូក្រាម ។ វណ្ណថង ក៏ធ្លាប់ជាអ្នកខ្លាំង មួយរូបដែរ តែដោយសារតែគ្មានសង្វៀនប្រកួត ប្រដាល់សកលនោះ ទើបធ្វើឱ្យគេហាក់ដូច ជាស្រុតចុះបន្តិច ។

ចំពោះ វ៉ែន រដ្ឋា ដែលសញ្ជាតិដើមរបស់គេ ជាជនជាតិគុយបានោះ គេធ្លាប់ដណ្ដើមបាន មេដាយប្រាក់ស៊ីហ្គេម គេជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃរហ័ស ការពារល្អ និងកម្លាំងគេ ក៏ខ្លាំងមិនធម្មតាដែរ ។

រឿង សារូត ក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ ប្រកួតចាញ់អ្នកប្រដាល់ វណ្ណា លីហៀង ដែលជាអ្នកប្រដាល់ជម្រើសជាតិ មកពីក្លិបអារុណរះកីឡា ដោយពិន្ទុ ។ ហ៊ុន លីហៀង អ្នកប្រ ដាល់ជម្រើសជាតិ មកពីក្លិបនាយកដ្ឋានអង្គរក្ស ប្រកួតចាញ៉អ្នកប្រដាល់ ញឹក ឈៀង មកពីក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិន្ទុ ។

វណ្ណា សំណាង ក្លិបអារុណរះកីឡា ដែលប្រកួត ក្នុងតំណែងគូបើកឆាកនោះ បានយកឈ្នះ អ្នកប្រដាល់ ដុស រតនា ក្លិបតាឡីដំរីមានរិទ្ធ ដោយពិន្ទុ ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកត់ សំគាល់ថាៈ បន្ទាប់ពីការប្រកួតជើងឯកអាស៊ី និងការបោះជម្រំហ្វឹកហាត់ នៅក្រៅប្រទេស នោះ ពេលនេះ សមត្ថភាពកីឡាករកម្ពុជា មានការរីកចម្រើន ជាងមុនច្រើន ៕/V