ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានត្រៀមខ្លួនរួចរាល់ សម្រាប់ព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ ពីថ្ងៃទី២១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីសម្រួចគោលដៅ ឲ្យកាន់តែមោះមុត ទាំងមន្ត្រីបច្ចេកទេស រៀបចំការប្រកួត និងបង្កើនគុណភាពបច្ចេកទេស របស់អត្តពលិកជម្រើសជាតិ ត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជា។

អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានគូសបញ្ជាក់ថាៈ សហព័ន្ធបានត្រៀមលក្ខណៈក្នុងការយកការរៀបចំនិងការបង្កើនគុណភាពបច្ចេកទេសរបស់អត្តពលិកជម្រើស ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដោយប្រភេទកីឡាទ្រីយ៉ាត្លុង នឹងប្រកួតនៅខេត្តកែប ពីថ្ងៃទី២៦ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយមានកីឡាករ កីឡាការិនី ចូលរួមសរុប ៥៣ នាក់ មកពី ៧ ខេត្ត និង ២ ក្រសួង។

ចំពោះមន្ត្រីរៀបចំការប្រកួត ដែលប្រើប្រាស់ ដល់កីឡាជាតិ លើកទី៣នេះ មានចំនួន ៤៥ នាក់ លើផ្នែកប្រកួតលើទឹក ផ្នែកកង់ និងរត់ប្រណាំង ខណៈសហព័ន្ធ នឹងពិនិត្យមើលលើការងារ របស់មន្ត្រីទាំងអស់ ដើម្បីជ្រើសរើសមន្ត្រី ឆ្នើមៗមួយចំនួន សម្រាប់ស៊ីហ្គេម ២០២៣។

លោកអគ្គលេខាធិការ បានសង្កត់ធ្ងន់ថាៈ ការត្រៀមកីឡាជាតិលើកទី៣ នេះ គឺផ្តោតសំខាន់ លើការរៀបចំ របស់មន្ត្រីបច្ចេកទេស និងផ្តល់ឲ្យកីឡាករ កីឡាការិនី ទូទាំងប្រទេស ជាពិសេសគឺ ក្រុមជម្រើសជាតិ បានបង្កើនគុណភាព ឲ្យកាន់តែមោះមុត ដើម្បីត្រៀមឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់កម្ពុជា។

សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិ ទ្រីយ៉ាត្លុងកម្ពុជាទាំងអស់ នឹងចូលរួមប្រកួត តាមរយៈខេត្ត ឬក្រសួង ដែលជាស្ថាប័ន ដើមរៀងៗខ្លួន។ ការរៀបចំកីឡាជាតិ លើកទី៣ នេះ ទទួលបានការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC និងសាលាខេត្តកែប ដែលជាម្ចាស់ផ្ទះកីឡាជាតិ លើកទី៣ និងជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។

សម្រាប់វិញ្ញាសាប្រកួត សហព័ន្ធ បានរៀបចំចំនួន ៦ វិញ្ញាសា មានដូចជា ទ្រីយ៉ាត្លុង (Triathlon) បុរស-នារី ឌូអាត្លុង (Duathlon) បុរស-នារី និងអាគ័rត្លុង (Aquathlon) បុរស-នារី ដែលសុទ្ធសឹងជា វិញ្ញាសាស្តង់ដា ស៊ីហ្គេម ផងដែរ។

សម្រាប់វិញ្ញាសាទាំង ៦ នោះគឺ ទី១. ទ្រីយ៉ាត្លុង បុរស ហែលទឹក ៧៥០ ម៉ែត្រ ជិះកង់ ២០ គីឡូម៉ែត្រ និងរត់ប្រណាំង ៥ គីឡូម៉ែត្រ។ ២. ទ្រីយ៉ាត្លុង នារី ហែលទឹក ៧៥០ ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និង រត់ប្រណាំង ៥គីឡូម៉ែត្រ។ ៣. ឌូអាតុង បុរស រត់ប្រណាំង ៥គីឡូម៉េត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ប្រណាំង ២,៥គីឡូម៉ែត្រ។ ៤. ឌូអាត្លុង នារី រត់ប្រណាំង ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និង រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ ៥. អាគ័រត្លុង បុរស ហែលទឹក ៥០០ ម៉ែត្រ +រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ ៦. អាគ័តត្លុង នារី ហែលទឹក ៥០០ ម៉ែត្រ និង រត់ប្រណាំង២,៥ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ចំពោះវិញ្ញាសា អាគ័តត្លុង បុរស-នារី គឺជាវិញ្ញាសាថ្មីបំផុត ដែលត្រូវបានម្ចាស់ផ្ទះ កម្ពុជា ដាក់បញ្ជូលក្នុងគោលដៅ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ខ្លួន ហើយវិញ្ញាសានេះ ក៏ជាគោលដៅ នៃផែនការមេដាយមាស ដើម្បីឆ្លើយតបទៅនឹងសន្ទស្សន៍ បញ្ជីមេដាយមាស របស់គណៈកម្មាធិការជាតិ CAMSOC ផងដែរ៕/V-PC