ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្រុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ប្រដាល់សកលអាជីព ដែលចាប់ផ្ដើមពីថ្ងៃទី១៦ មកនោះ បានបញ្ចប់ហើយ បន្ទាប់ពីសិក្ខាកាមទាំងអស់ បានអនុវត្តន៍ផ្ទាល់ ក្នុងព្រឹត្តិការណ៍ប្រដាល់សកលអាជីព Ultimate Pro Boxing 2022 នាថ្ងៃទី១៧ វិច្ឆិកា ដោយផ្ទាល់នោះ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានថ្លែងឲ្យដឹងថាៈ ដោយសារពួកគាត់ សុទ្ធតែជាអាជ្ញាកណ្ដាល ចៅក្រមស្រាប់នោះ ហេតុនេះ គ្រូឧទ្ទេសគ្រាន់តែកែលម្អខ្លះៗ ដូចជាច្បាប់ទម្លាប់ កាយវិការដឹកនាំ ការប្រកួតរបៀបផ្ដល់ពិន្ទុនោះ គឺពួកគាត់ ធ្វើបានតែម្ដង។

វគ្គបណ្ដុះបណ្ដាល ដែលមានសិក្ខាកាម ចំនួន ១០ រូបនោះ ស្ថិតក្រោមការឧទ្ទេសនាម ពីសំណាក់លោក SHOZO KATAYAMA មកពីស្ថាប័នប្រដាល់សកលអាជីព ប្រទេសជប៉ុន។ វគ្គនេះ សិក្សាលម្អិតទាំងទ្រឹស្ដី រួមជាមួយនឹងការអនុវត្តន៍ផ្ទាល់ លើសង្វៀនប្រកួតប្រដាល់សកលអាជីពតែម្ដង។

ការបណ្ដុះបណ្ដាលនេះ គឺដើម្បីដុសខាត់ សមត្ថភាពមន្ដ្រីបច្ចេកទេសកម្ពុជា ឈានទៅរក ការទទួលស្គាល់ ពីអង្គការប្រដាល់សកល អាជីពពិភពលោក (WBC / World Boxing Organization) នាពេលអនាគត៕/V-PC