​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ជំរុញ​ឱ្យ​ប្រទេស​អ្នកមាន​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​បញ្ឈប់ “​ការចង្អុល​ម្រាមដៃ​ដាក់គ្នា​”​នៅឯ​កិច្ច​​ពិភាក្សា​អាកាសធាតុ​ដែល​ជាប់គាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​ហើយ​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​គ្របដណ្តប់​លើ​ការខាតបង់​ដែល​រងគ្រោះ​ដោយ​បណ្តា​ប្រទេស​ងាយ​រងគ្រោះ​ដោយសារ​គ្រោះ​​មហន្តរាយ​អាកាសធាតុ​។​

ប្រមុខ​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ ​នៅឯ​កិច្ច​​ពិភាក្សា​អាកាសធាតុ​ COP27​

​ជាមួយ​សន្និសីទ COP27​រយៈពេល​ពីរ​សប្តាហ៍​នៅ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ អ្នកចរចា​បាន​ប្រឈម​មុខ​នឹង​រាត្រី​ដ៏​យូរ​មួយ​ខណៈ​ពួកគេ​ព្យាយាម​ស្វែងរក​ការ​សម្រប​​សម្រួល​លើ​បញ្ហា​ជម្លោះ​នៃ “​ការបាត់បង់​និង​ការខូចខាត​” និង​ទប់ស្កាត់​ការចរចា​កុំឱ្យ​ដួលរលំ​។​

​លោក​គូថេ​រ៉េស​បាន​និយាយថា​មាន “​ការបែកបាក់​គ្នា​យ៉ាង​ច្បាស់​នៅ​ក្នុង​ទំនុកចិត្ត​” រវាង​ប្រទេស​អភិវឌ្ឍន៍​និង​បណ្តា​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​ដោយ​បន្ថែម​ថា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​​ការកសាង​ទំនុកចិត្ត​គឺ​ការស្វែងរក “​កិច្ចព្រមព្រៀង​ប្រកបដោយ​មហិច្ឆតា​និង​គួរឱ្យ​ទុកចិត្ត​” ស្តី​ពី​ការបាត់បង់​និង​ការខូចខាត និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ប្រទេស​ងាយ​រងគ្រោះ​។​

​បន្ទាប់​ពី​ហោះ​ពី​កោះ​បាលី​វិញ​ទៅ​អេ​ហ្ស៊ី​ប ពី​កន្លែង​ដែល​គាត់​បាន​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ G20 លោក​បាន​និយាយថា “​នេះ​មិនមែន​ជា​ពេល​ត្រូវ​ចង្អុលដៃ​ដាក់​គ្នា​ទេ​។​ល្បែង​ស្តីបន្ទោស​គ្នា​គឺជា​រូបមន្ត​​សម្រាប់​ការបំផ្លាញ​គ្នា​ទៅវិញទៅមក​។​ពេលវេលា​សម្រាប់​ការជជែក​អំពី​ការបាត់បង់​និង​ការខូចខាត​ផ្នែក​ហិរញ្ញវត្ថុ​បាន​ចប់​ហើយ​។ យើង​ត្រូវការ​សកម្មភាព​”​។​

​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ទទួលខុសត្រូវ​តិចតួច​បំផុត​សម្រាប់​ការបំភាយ​ឧស្ម័ន​លើ​ពិភពលោក កំពុង​ជំរុញ​ប្រទេស​អ្នកមាន​ដែល​បំពុល​ខ្យល់អាកាស​ខ្លាំងជាងគេ​ឱ្យ​យល់ព្រម​នៅ​កិច្ចប្រជុំ COP27 លើ​ការបង្កើត​មូលនិធិ​ដើម្បី​ទូទាត់​សង​ដល់​ប្រទេស​ដែល​ប្រឈម​នឹង​ការខាតបង់​យ៉ាងច្រើន​ពី​ផលប៉ះពាល់​អាកាសធាតុ​។​

​បន្ទាប់ពី​ត្រូវ​គេ​អូស​ជើង​របស់​ពួកគេ​ឱ្យ​ទទួលខុសត្រូវ​លើ​ការបាត់បង់​និង​ការខូចខាត​និង​បារម្ភ​ថា​វា​នឹង​ធ្វើឱ្យ​ប្រទេស​អ្នក​មាន​ប្រឈមមុខ​នឹង​ការទាមទារ​សំណង​ដោយ​បើកចំហ​ស្រប​តាម​ផ្លូវច្បាប់ សហរដ្ឋ​អាម៉េរិក​និង​សហភាព​អឺរ៉ុប​បាន​បន្ទន់​ជំហរ​របស់​ពួកគេ​បន្តិច ដោយ​យល់ព្រម​ពិភាក្សា​អំពី​បញ្ហា​នេះ​នៅ​ឯក​កិច្ចប្រជុំ COP27 ។​

​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការអន្តរាគមន៍​របស់​លោក​គូថេ​រ៉េស លោក សាម៉េះ ស៊ូ​គ្រី (Sameh Shoukry) ប្រធាន COP27​បាន​ជំរុញ​ឱ្យ​គណៈប្រតិភូ​ជជែក​គ្នា​បន្ទាន់​នៅ​ម៉ោង​ចុងក្រោយ​។​

​លោក​បាន​និយាយ​នៅក្នុង​សម័យប្រជុំ​យប់​ជ្រៅ​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​មិនមែន​ស្ថិត​នៅ​កន្លែង​ដែល​យើង​ត្រូវ​នៅ​ដើម្បី​បិទ​សន្និសីទ​នេះ​ជាមួយនឹង​លទ្ធផល​ជាក់ស្តែង​និង​រឹងមាំ​នោះទេ​”​។​

​អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​លោក ហ្វ្រា​ន ធី​មមឺ​មែន (Frans Timmermans) បាន​ស្នើ​ឱ្យ​បង្កើត “​មូលនិធិ​ឆ្លើយតប​ការខាតបង់​និង​ការខូចខាត​សម្រាប់​ប្រទេស​ងាយ​រងគ្រោះ​បំផុត​” ជា​ការសម្របសម្រួល​មួយ​។​

​ប៉ុន្តែ​លោក​ក៏​និយាយ​ដែរ​ថា ការផ្តល់​មូលនិធិ​គួរតែ​បាន​មក​ពី “​មូលដ្ឋាន​ម្ចាស់ជំនួយ​ទូលំទូលាយ​” ជា​កូដ​មួយ​សម្រាប់​ចិន ដែល​ជា​ប្រទេស​បំពុលបរិស្ថាន​កំពូល និង​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ ដើម្បី​ចូលរួម​៕

ក្រុមអ្នកតវ៉ា​ទាមទារ​ឱ្យ​ពិភពលោក​ប្រកាន់ខ្ជាប់​នូវ​គោលដៅ​រឹតត្បិត​ការកើនឡើង​សីតុណ្ហភាព​ពិភពលោក​ត្រឹម ១,៥ អង្សា​សេ​ពី​កម្រិត​មុន​ឧស្សាហកម្ម