ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា (ក.ក្រ.ក.) ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុប របាយការណ៍ ១០ខែ ឆ្នាំ២០២២ និងលើក ទិសដៅបន្ត ក្រោមអធិបតីភាពលោក អ៊ុំ  រាត្រី អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខា (ក.ក្រ.ក.)។ 

កិច្ចប្រជុំនេះមានការកែសម្រួលលទ្ធផលមួយចំនួនតូច ក្នុងរបាយការណ៍ និងបានសម្រេច ឱ្យក្រុមប្រតិបត្តិ អនុវត្តបន្តនូវសកម្មភាព ដែលនៅសេសសល់។ ក្រៅពីនោះ លោកប្រធាន បានសម្រេចកំណត់ថ្ងៃ សម្រាប់ឱ្យគណៈកម្មាធិការសាខា ចូលប្រជុំឆ្លង និអនុម័តផែនការ អភិវឌ្ឍន៍សាខា ៥ ឆ្នាំ (២០២១-២០២៥) និងឆ្លងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៣។

លោក អ៊ុំ រាត្រី បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបាន របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ក្រុង ដែលបានខិតខំបំពេញការងារ ក្នុងបេសកម្មមនុស្សធម៌ ជួយដោះស្រាយបញ្ហានានា នៅមូលដ្ឋាន។

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់ នាថ្ងៃនេះ ក្រុមការងារប្រតិបត្តិ សាខាកាកបាទក្រហម កម្ពុជា នឹងបន្តសកម្មភាពដ៏សកម្មថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ ក្នុងកិច្ចការងារមនុស្សធម៌ ការចូលរួមដោះស្រាយបញ្ហាប្រជាពលរដ្ឋរងគ្រោះ ដោយធម្មជាតិផ្សេងៗ៕/V-PC