​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កូរ៉េ​ខាងជើង​បាន​បាញ់​អ្វីដែល​ទំនងជា​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨​វិច្ឆិកា ។​វា​ជា​ការបាញ់​កាំជ្រួច​ផ្លោង​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៅពេល​​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បន្ត​សាកល្បង​ផង​និង​គំរាម​ផង​ក្នុង​កំរិត​ច្រើន​និង​ញឹកញាប់​បំផុត​ចំពេល​មាន​ការបារម្ភ​ថា ប្រទេស​នេះ​នឹង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​ក្នុងពេល​ឆាប់ៗ​។​

​មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​គេ​សន្និដ្ឋាន​ថា កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ICBM​មួយ​»​។​ចំណែក​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង​​បាន​និយាយថា ខ្លួន​បាន​ស្ទាក់​ចាប់​បាន​សញ្ញា​នៃ​ការបាញ់​បង្ហោះ​កាំជ្រួច​ផ្លោង​មិន​ស្គាល់​ប្រភេទ​មួយ​ឆ្ពោះទៅ​ខាងកើត​។​

​សារព័ត៌មាន​កូរ៉េខាងជើង​បង្ហាញ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​នៅក្នុង​ការ​ដង្ហែ​ក្បួន​យោធា​មួយ​នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែ​មេសា ឆ្នាំ​២០២២

​ទូរទស្សន៍​កូរ៉េខាងត្បូង​នៅ​ស្ថានីយ​រថភ្លើង​មួយ​ផ្សាយ​ព័ត៌មាន​ស្តីពី​កូរ៉េខាងជើង​បាញ់​​កាំជ្រួច​សា​ជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី១៨វិច្ឆិកា

​ការបាញ់​បង្ហោះ​នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​កូរ៉េខាងជើង​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​មួយ នៅ​ពេល​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​បាន​ព្រមាន​ថា រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​នឹង​ចាត់វិធានការ​យោធា​«​កាន់តែ​ខ្លាំងក្លា​ឡើង​»​បើសិនជា​អាម៉េរិក​ពង្រឹង​និង​ពង្រីក​«​កម្លាំង​ការពារ​រាំង​»​របស់​ខ្លួន​ជាមួយ​សម្ពន្ធមិត្ត​ក្នុង​តំបន់​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាននិងកំពុង​ស្វះស្វែង​ជំរុញ​កិច្ច​សហការ​និង​សម្របសម្រួល​សន្តិសុខ​ក្នុង​តំបន់​ហើយនឹង​បង្កើន​សមយុទ្ធ​យោធា​រួមគ្នា​ដើម្បី​ឆ្លើយតប​នឹង​ការបង្ក​រឿង​កាន់តែ​ញឹក​​ញាប់​ទៅ​ពី​កូរ៉េខាងជើង​ដែល​មាន​សព្វាវុធ​នុយក្លេអ៊ែ​រ​។​

​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន នៅ​សប្តាហ៍​នេះ​បាន​ពិភាក្សា​បញ្ហា​បាញ់​កាំជ្រួច​របស់​កូរ៉េខាងជើង​ជាមួយ​សម​ភាគី​ចិន​និង​ក៏​បាន​ពិភាក្សា​រក​វិធី​ឆ្លើយតប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង​និង​ជប៉ុន​​កាលពី​សប្តាហ៍​មុន​។​​កូរ៉េ​ខាងជើង​ក៏​ស្ថិត​ក្នុង​របៀបវារៈ​កំពូល នៅពេល​មេដឹកនាំ​ចិន​និង​ជប៉ុន​ជួប​គ្នា​ទល់​មុខជា​លើកដំបូង​នៅ​ក្រៅ​ជំនួប​កំពូល​APEC​ក្នុង​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ពួក​អ្នកជំនាញការ​បាន​និយាយថា ការបាញ់​បង្ហោះ​កាំជ្រួច​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​កូរ៉េខាងជើង​នេះជា​សញ្ញា​ច្បាស់​មួយ​ថា មេដឹកនាំ​គីម ជុង​អ៊ុន មិន​សប្បាយចិត្ត​នឹង​កិច្ចពិភាក្សា​កាលពី​ពេល​ថ្មីៗ​​របស់​មេដឹកនាំ​អាម៉េរិក​ជាមួយ​សម​ភាគី​ចិន កូរ៉េ​ខាងត្បូង​និង​នាយករដ្ឋមន្ត្រី​ជប៉ុន​។​

​រំលឹក​ថា​ក្នុង​ខែ​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើកា​របាញ់​បង្ហោះ​កាំជ្រួច​ជាច្រើន​រួម​មាន​មួយ​ទំនង​ជា​កាំជ្រួច​ឆ្លង​ទ្វីប​ICBM​ដែល​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ថា​វា​បាន​បរាជ័យ​។​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ក៏បាន​​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​មួយ​ដែល​បាន​ហោះ​កាត់​ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ​រវាង​កូរ៉េ​ទាំង​ពីរ​និង​ធ្លាក់​ចូល​ក្នុង​ដែនទឹក​កូរ៉េខាងត្បូង​ជា​លើកដំបូង​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣៕