ដោយៈ ទេពកង្រី / កំពង់ឆ្នាំង:​ នៅព្រឹកថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២២ នេះ​ លោក​ កុល​ ប៊ុនលី​ រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជ​វាំង សមាជិកគណៈកម្មាធិការកណ្តាល ​គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយឃុំពេជចង្វារ ស្រុកបរិបូណ៌​ រួមនឹងក្រុមការងារ​ បាននាំឱសថចំនួន ៧ មុខ មាន ១.០០០ កញ្ចប់ ស្មើនឹង ១៤ កេស​ ប្រគល់ជូនមណ្ឌលសុខភាពពេជចង្វារ ស្ថិតក្នុងឃុំពេជចង្វារ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងមានតម្រូវការ សេវាព្យាបាល ប្រើប្រាស់ថ្នាំពេទ្យ នៅមណ្ឌលសុខភាព។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ​វេជ្ជបណ្ឌិត ឈុន ប៊ុនថា ប្រធាន​ការិយាល័យសុខា​ភិបាល ស្រុកបរិបូណ៍​ លោកស្រី តាំ រ៉ានី ប្រធានមណ្ឌលសុខភាព ឃុំពេជចង្វារ​ ព្រមទាំង គ្រូពេទ្យមណ្ឌលសុខភាព​ អាជ្ញាធរដែនដី​ និងប្រជាពលរដ្ឋ ​ក្នុងមូលដ្ឋាន​។

ក្នុងឱកាសនោះ លោក កុល​ ប៊ុនលី​ បានមានប្រសាសន៍ថាៈ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋទូទាំងប្រទេស រស់នៅដោយសន្តិភាព និងមានភាពរីកចម្រើនគ្រប់វិស័យ ទន្ទឹមនឹងនេះ ក៍បានយកចិត្តទុក ដាក់ ចំពោះ​សុខ​មាលភាព របស់ប្រជាពលរដ្ឋ។​ ជាក់ស្តែង ដូចជាការនាំយកមកចែកជូន ប្រជាពលរដ្ឋ ក្នុងឃុំពេជចង្វារ នូវ​ ចង្រ្កានសន្សំសំចៃ ព្រៃមាន់ ដែលជាអំណោយរបស់ ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនិធិ PEACE LAND របស់សាធារណរដ្ឋប្រជាមានិតចិន​ ។ ថ្ងៃនេះផងដែរ ក៍មានការនាំយកមក ផ្តល់ជូននូវឱសថ​ ចំនួន ៧ មុខ មាន ១.០០០ កញ្ចប់ ស្មើនឹង ១៤ កេស​ ប្រគល់ជូនមណ្ឌល សុខភាពពេជចង្វារ​ ដែលជាអំណោយ​របស់លោក សុបភើឆៃ វិរៈភូជុង្គ (Supachai Verapuchong)​។

លោកសង្ឃឹមជឿជាក់ថាៈ អំណោយថ្នាំពេទ្យ ទាំងអស់នេះ នឹងអាចជួយមួយផ្នែក ដល់មណ្ឌលសុខភាព សម្រាប់យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ ដើម្បីបុព្វហេតុ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

បន្ទប់ពីការប្រគល់ឱសថ ជូនមណ្ឌលសុខភាពពេជចង្វារ រួចមក​ លោក​ កុល​ ប៊ុនលី​ បានបន្តចុះពិនិត្យការចាក់បេតុង​ និងរៀបចំសោភ័ណភាព ក្នុងបរិវេណគណបក្សឃុំពេជចង្វារ ផងដែរ​៕/V-PC