ក្នុង​តុលាការ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មិនបាន​ទទួលកំហុស​និង​ប្តេជ្ញា​លាង​ឈ្មោះ​អោយ​ស្អាត​វិញ​

3391
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប រ៉ា​ហ្សា​ក់នៅ​ថ្ងៃ​ពុធ​ទី​៤​កក្កដា​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​បាត់​លុយរាប់​ពាន់​​លាន​នៅ​មូលនិធិ​សាធារណៈ​1MDB​ដែលនាំអោយ​លោក​ធ្លាក់​ពី​អំណាច​ក្នុងការ​បោះឆ្នោត​កាលពី​ខែឧសភា​កន្លងទៅ​។​

​ដា​ទុក សេរី ណា​ជីប អាយុ​៦៤​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​និង​បាន​ចំណាយពេល​មួយ​យប់​នៅក្នុង​កន្លែង​ឃុំឃាំង​។​

​ក្នុង​តុលាការ លោក​មិនបាន​ឆ្លើយ​ទទួលកំហុស​ទេ​ចំពោះ​ការចោទប្រកាន់​៤​ករណី​ប្រឆាំង​រូបលោក​ទេ​។​

​លោក​ណា​ជីប​ប្រឈម​ការចោទប្រកាន់​ព្រហ្មទណ្ឌ​៣​ករណី​និង​មួយ​ករណី​ពាក់ព័ន្ធ​ការរំលោភ​អំណាច គឺ​ជុំវិញ​រឿងអាស្រូវ​មូលនិធិ​1MDB​។​

​តុលាការ​បានកំណត់​ប្រាក់​១​លាន​រីង​ហ្គី​ត​សំរាប់​អតីត​មេដឹកនាំ​រូបនេះ​បង់​ធានា​ខ្លួន​នៅក្រៅ​ឃុំ និង​លោក​ក៏ត្រូវ​បាន​តុលា​ការស្នើ​សុំអោយ​ប្រគល់​លិខិតឆ្លងដែន​ការទូត​២​របស់លោក​។​លោក​បាន​ចាក​ចេញពី​តុលាការ​​ក្រោយ​ការបង់ប្រាក់ និង​បាន​ប្តេជ្ញា​ថា​នឹង​លាងជម្រះ​ឈ្មោះ​អាក្រក់​របស់លោក​។​

​ការចោទប្រកាន់​នេះ​អាចអោយ​លោក​ណា​ជីប​ជាប់គុក​មិន​ក្រោម​២០​ឆ្នាំ​ទេ​និង​អាច​ពិន័យ​ដោយ​វាយ​នឹង​រំពាត់​និង​ពិន័យ​ប្រាក់​។​ក្រោម​ច្បាប់​ម៉ាឡេស៊ី បុរស​អាយុ​លើ​៥០​ឆ្នាំ​​ត្រូវបាន​លើកលែង​ពី​ការពិន័យ​ដោយ​វាយ​នឹង​រំពាត់​។​ណា​ជីប​នឹងមាន​អាយុ​៦៥​ឆ្នាំ​នៅ​ខែ​នេះ​។​

​ណា​ជីប​ត្រូវបាន​ចោទប្រកាន់​ព្រហ្មទណ្ឌ​ចំពោះ​ការរំលោភ​សេចក្តីទុកចិត្ត ពាក់ព័ន្ធ​នឹង​ប្រាក់​២៧​លាន​រីង​ហ្គី​ត ៥​លាន​រីង​ហ្គី​ត និង​១០​លាន​រីង​ហ្គី​តរបស់​ក្រុមហ៊ុន SRC International Sdn Bhd ដែល​ត្រូវបាន​ប្រគល់អោយ​លោក​មើលថែ​រវាង​ឆ្នាំ​២០១៤​និង​២០១៥​ពេល​លោក​ធ្វើជា​ទីប្រឹក្សា​ក្រុមហ៊ុន​នេះ​។​លោក​ក៏​ជា​នាយករដ្ឋមន្ត្រី​និង​​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៅ​គ្រានោះ​។​

​ណា​ជីប​ក៏​ត្រូវបាន​ចោទប្រកាន់ថា​រំលោភ​អំណាច​ដោយសារតែ​ទទួល​សំណូក​៤២​លាន​រីង​ហ្គី​ត​ពេល​លោក​ចូលរួម​ឬ ពាក់ព័ន្ធ​នឹង​ការសំរេចចិត្ត​ផ្តល់​ការធានា​របស់​រដ្ឋ​​សំរាប់​កំចី​៤.០០០​លាន​រីង​ហ្គី​ត​មកពី​មូលនិធិ​រដ្ឋ​មួយ​ទៅអោយ​SRC International Sdn Bhd ។​

​ពេល​ចេញពី​តុលាការ លោក​ណា​ជីប​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​” ខ្ញុំ​ជឿ​លើ​ភាព​គ្មាន​ទោស​របស់ខ្ញុំ​។​នេះ​ជា​ឱកាសល្អ​បំផុត​សំរាប់​លាងជម្រះ​ឈ្មោះ​របស់ខ្ញុំ​។​នេះ​​តំលៃ​ដែល​ខ្ញុំ​បាន​ចំណាយ​៤២​ឆ្នាំ ខ្ញុំបំរើ​ប្រជាជន​និង​ប្រទេស​…​ខ្ញុំ​នឹង​…”​៕ដោយៈវាសនា

លោក​ណា​ជីប​ត្រូវ​ប៉ូលិស​នាំ​ឡើង​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម