ដោយៈ ទេពកង្រី / កំពង់ឆ្នាំង : កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឌឹម ឌន ប្រធានមន្ទីរផែនការ បានអញ្ជើញចូលរួម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដល់មន្រ្តីអាជ្ញាធរក្រុង ស្រុក និងមូលដ្ឋានឃុំ សង្កាត់។

លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថាៈ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ នាពេលនេះ ធ្វើឡើងក្នុងគោល បំណង លើកកម្ពស់សមត្ថភាព និងពង្រឹងចំណេះដឹងបន្ថែម ទាក់ទងទៅនឹងកម្មវិធីជំនួយ សង្គម ក្នុងក្របខណ្ឌ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់មន្ត្រីអនុវត្តកម្មវិធី នៅថ្នាក់ក្រោម ជាតិ ដែលមានរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលជាតួអង្គប្រតិបត្តិផ្ទាល់ ដ៏សំខាន់។ វគ្គបណ្តុះបណ្តាល នាពេលនេះ នឹងជួយបង្កើននូវចំណេះដឹង និងជំនាញយ៉ាង ជាក់លាក់ ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធី មានតម្លាភាព គណនេយ្យភាព សុចរិតភាព និង ប្រសិទ្ធភាពខ្ពស់។

នៅក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ចេញនូវ វិធានការអន្តរាគមន៍គាំពារសង្គម ដើម្បីជួយ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ បន្ទាប់ពីទទួលរងផលប៉ះពាល់ ដោយសម្ពាធ អតិផរណា និងរងផលប៉ះពាល់ ពីទឹកជំនន់។

លោក បានបញ្ជាក់ទៀតថាៈ គ្រួសារងាយរងហានិភ័យ ពិតណាស់ នឹងទទួលរងនូវផល ប៉ះពាល់ ពីកំណើនអតិផរណា ដែលជាហេតុបណ្ដាលឱ្យម្ហូបអាហារ របស់របរប្រើប្រាស់ លើទីផ្សារឡើងថ្លៃ ដែលទាំងនេះ ធ្វើឱ្យមានជះផលអវិជ្ជមាន ដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុង គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិ គាំពារសង្គម បានដាក់ចេញនូវវិធានការ អន្តរាគមន៍គាំពារសង្គម ដើម្បីជួយលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ បន្ទាប់ពីទទួលរង ផលប៉ះពាល់ ដោយសម្ពាធអតិផរណា និងរងផលប៉ះពាល់ ពីទឹកជំនន់។

មូលនិធិជាតិ ជំនួយសង្គម នាពេលបច្ចុប្បន្ន បានគ្រប់គ្រង និងអនុវត្តនូវកម្មវិធីជំនួយសង្គម ដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីឌ-១៩ ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក បានរួមចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី និងផ្តល់នូវកិច្ចគាំពារមួយ យ៉ាងពិតប្រាកដ ដើម្បីរក្សាលំនឹង ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ៕/V-PC