ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញ បានប្រគល់ទេយ្យទាន ជូនដល់ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ តាមរយៈលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិ សាខា​ តំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ​រាជធានីភ្នំពេញ នៅថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នេះ​​ នៅវត្តបទុមវតី រាជវរារាម ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

នាឱកាសនោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយក នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះមេគណរាជធានីភ្នំពេញ​ បានមានព្រះថេរដីកា សោមនស្សរីករាយ យ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយ ការងារមនុស្សធម៌ ជួយដល់ ជនរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ​ តាមរយៈសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​។

សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានសន្យានឹងបន្តគាំទ្រ សកម្មភាពមនុស្សធម៌ ដ៏ប្រពៃថ្លៃថ្លាមួយនេះ ឥតងាករេ ជារៀងដរាប ទោះបីមានទេយ្យទាន តិចក្តី ច្រើនក្តី។

ជាការឆ្លើយតបលោក ជិន ប៊ុនធឿន ក្នុងនាម​លោក ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍ ពាំនាំនូវសេចក្តីផ្តាំផ្ញើ សាកសួរសុខទុក្ខ ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែ ​ប្រធានកាកបាទក្រហម កម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ ​យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ក៏ដូចជា សាលាគណរាជធានីភ្នំពេញ ទាំងមូល ​ដែលតែងតែបានបរិច្ចាគទេយ្យទាន ជារៀងរាល់ឆ្នាំ មិនដែលខកខាន ចូលរួមចំណែកជាមួយ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមទៀត នាំយកទៅចាត់ចែង ចែកជូនបន្ត ដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាដើម​។​

លោកក៏បានទូលប្រគេនពីសកម្មភាពការងារមនុស្សធម៌ ដែលសាខាបានអនុវត្ត​ និងកំពុងបន្ត អនុវត្ត​ នៅតាមវិស័យស្នូលទាំង ៤ រួមមាន៖​ ១.​ការគ្រប់គ្រងគ្រោះមហន្តរាយ​, ២.​សុខភាព​ និងការថែទាំសុខភាព ក្នុងសហគមន៍,​ ៣.​លើកកម្ពស់គោលការណ៍គ្រឹះ​ និងតម្លៃមនុស្សធម៌ របស់ចលនា,​ ៤.​ការអភិវឌ្ឍស្ថាប័ន​ និងអភិវឌ្ឍធនធាន​ ជាពិសេសបានជម្រាបពីប្រភព ចំណូលផ្សេងៗរបស់សាខា​ ក្នុងនោះមិនអាចកាត់ផ្តាច់បានពីការចូលរួមពីសំណាក់ សប្បុរសជន​នានា​ ជាពិសេស គឺព្រះសង្ឃ នៅតាមបណ្តាវត្តអារាម​។

ជាមួយគ្នានោះដែរ​ លោកនាយកប្រតិបត្តិសាខា បានសន្យានឹងចាត់ចែងប្រើប្រាស់ នូវទេយ្យទានទាំងនេះ ជួយឱ្យចំគោលដៅដល់ដៃ ជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាម គោលការណ៍គ្រឹះទាំង ៧ ប្រការ របស់ចលនាកាកបាទក្រហម។

គួរបញ្ជាក់ថា ទេយ្យទានដែលសាខាទទួលបាន ពីសាលាគណរាជធានីភ្នំពេញ រួមមាន អង្ករ ៣ តោន មី១៥០កេស ទឹកផ្លែឈើ ៥៥កេស ទឹកក្រូច ៥៥កេស ទឹកសុទ្ធ ៨០កេស ទឹកដោះគោ ៣៨០កេស ស្ករស ២៥៥ គីឡូក្រាម ត្រីខ ៧៣២ កំប៉ុង តែ ២០០កញ្ចប់ ទឹកស៊ីអ៊ីវ ៤៨០ដប ទឹកត្រី ៤៨០ដប សម្ភារៈផ្ទះបាយ ៧សម្រាប់ និងថវិកាចំនួន ១៤ លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ ស្មើនឹងចំនួន ៣៧.៤៤៩.០០០ រៀល​៕/V-PC