​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​ថា​ក្រុម​អ្នកជំនាញ​អ៊ុយ​ក្រែន​បាន​ទៅ​ដល់​ប៉ូឡូញ​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​​ដើម្បី​កំណត់​ថា​តើ​ប្រភេទ​មី​ស៊ី​ល ដែល​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ភូមិ​ប៉ូឡូញ​មួយ ត្រូវ​បាន​បាញ់​ចេញ​ពី​ទីណា​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន លោក ឌី​មីត្រូ គូ​ឡេ​បា (Dmytro Kuleba) បាន​និយាយ​នៅលើ Twitter ថា “​អ្នក​ជំនាញ​របស់​យើង​បាន​ទៅ​ដល់​ប៉ូឡូញ​រួចហើយ​។​យើង​រំពឹងថា​ពួកគេ​នឹង​បាន​​ចូល​ទៅកាន់​ទីតាំង​នោះ​យ៉ាង​ឆាប់រហ័ស​ដោយ​សហការ​ជាមួយនឹង​មន្ត្រី​អនុវត្ត​ច្បាប់​ប៉ូឡូញ​”​។​

​មី​ស៊ី​ល​មួយ​បាន​វាយប្រហារ​ភូមិ​ព្រី​វ៉ូ​ដូ​វ (Przewodow) របស់​ប៉ូឡូញ ក្បែរ​ព្រំដែន​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​អង្គារ ដោយ​សម្លាប់​មនុស្ស​ពីរ​នាក់​ដែលនាំអោយ​មាន​ការចោទប្រកាន់​ពី​អ៊ុយ​ក្រែន​ភ្លាមៗ​ថា​​វា​ជា​ស្នាដៃ​របស់​ទាហាន​រុស្ស៊ី តែ​ក្រោយមក​ប៉ូឡូញ អាម៉េរិក​និង​អង្គការ​ណា​តូ បាន​និយាយថា​វា​ទំនងជា​របស់​កងកម្លាំង​អ៊ុ​យក្រែន ក្នុង​ឧបទ្ទវហេតុ​អ​ចេតនា​មួយ​។​

​លោក​គូ​ឡេ​បាបាន​សរសេរថា “​អ៊ុយ​ក្រែ​ន​និង​ប៉ូឡូញ​នឹង​សហការ​គ្នា​ក្នុងន័យ​ស្ថាបនា និង​បើកចំហ​ចំពោះ​ឧបទ្ទវហេតុ​ដែល​បង្កឡើង​ដោយ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​ប្រឆាំងនឹង​អ៊ុ​យក្រែន​”​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មី​ស៊ី​ល​នេះ​គឺជា​របស់​រុស្ស៊ី ប៉ុន្តែ​សម្ពន្ធមិត្ត​របស់​ទីក្រុង​គៀវ​និយាយ​ថា​ការផ្ទុះ​នោះ​ទំនងជា​បណ្តាលមកពី​មី​ស៊ី​ល​ការពារ​​ដែនអាកាស​របស់​អ៊ុ​យក្រែន ដែល​បាន​បាញ់​ដើម្បី​ស្ទាក់ចាប់​ការវាយប្រហារ​របស់​រុស្ស៊ី​៕

មី​ស៊ី​ល​មួយ​បាន​វាយប្រហារ​ភូមិ​ព្រី​វ៉ូ​ដូ​វ របស់​ប៉ូឡូញ ក្បែរ​ព្រំដែន​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​អង្គារ ដោយ​សម្លាប់​មនុស្ស​ពីរ​នាក់